(ព្រះវិហារ)៖ ក្បាលគ្រាប់ប្រភេទ១០៥មីល្លីម៉េត្រចំនួន៣គ្រាប់ ដែលបន្សល់ទុកកាលពីសមយ័សង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញទៀតហើយ ខណៈដែលគ្រឿងចក្រកំពុងកាយអាចម៌លក់។

ហេតុការណ៍ប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទុះនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំងាយពីភូមិប្រហែល៤០០ម៉ែត្រ ក្នុងភូមិស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកមេឃុំរំដោះស្រែ បានឲ្យដឹងថា មុនពេលប្រទះឃើញក្បាលគ្រាប់មិនទាន់ផ្ទះខាងលើនេះ គ្រឿងចក្របានកាយដីប៉ះក្បាលគ្រាប់ចំនួន១គ្រាប់ ស្របពេលកំពុងកាយអាចម៌ដីយកទៅលក់។ ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានប្រទះឃើញក្បាលគ្រាប់២គ្រាប់ទៀត នៅក្រោមដើមឈើ។

លោកមេឃុំថា សំណាងណាស់ដែលការកាយប៉ះចំចំហៀងគ្រាប់ បើកាយប៉ះក្បាលគ្រាប់វិញពិតជាផ្ទុះមិនខានឡើយ។

ក្រោយប្រទះឃើញក្បាលគ្រាប់ទាំងនេះ លោកបានទាក់ទងទៅខាងស៊ីម៉ាក់ ដើម្បីឲ្យមកទទួលយកក្បាលគ្រាប់ តែខាងស៊ីម៉ាក់ថា រង់ចាំថ្ងៃស្អែកពេលព្រឹក។ សម្រាប់គ្រាប់ទាំងនេះ លោកមេឃុំបានហ៊ុព័ទ្ធខ្សែដោយមិនឲ្យនណាចូលនោះទេ៕