(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹក និងដាស់តឿនដល់យុវវ័យទាំងអស់កុំប្រព្រឹត្តទង្វើប្រាស់ចាកពីប្រពៃណី និងទំនៀបទម្លាប់ផូរផង់របស់ជាតិនៅក្នុងថ្ងៃ «ទិវានៃក្តីស្រឡាញ់» ១៤ កុម្ភៈនេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅ Facebook នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ថ្ងៃនេះជាថ្ងៃ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះ តែប្រហែលជាគ្មានយុវវ័យណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤ កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។

សម្តេចតេជោ បន្តថា «ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេ គ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថា អ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ»

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរ ដូច្នេះសម្តេចដឹងថា អារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច? សម្តេចតេជោ ក៏បានរំលឹករឿងរ៉ាវស្នេហារវាងសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតកាលពីយុវវ័យផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុងសម័យយុវវ័យរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទោះពេលនោះស្ថិតក្នុងសម័យសង្គ្រាមតស៊ូ ទោះសម្តេចស្រលាញ់គ្នាយ៉ាងណា ក៏នៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញសប្បាយរីករាយផងដែរថា ចំពោះរបាយការណ៍នៃការសិក្សាស្រាវជ្រាវមួយដែលបានកត់សម្គាល់ថា យុវវ័យឥឡូវហាក់ដូចជាមានភាពចាស់ទុំច្រើន បើប្រៀបធៀបមើលពីឥរិយាបទឆ្នាំមុនៗនៅថ្ងៃទិវានៃក្តីស្រលាញ់នេះ។

សម្តេចបានគូសបញ្ជាក់ថា «ចៅៗភាគច្រើនចេះគិតគូរហើយមិនប្រព្រឹត្តអ្វីដែលផ្ទុយនឹងប្រពៃណីខ្មែរឡើយ។ ការសិក្សានេះធ្វើឱ្យតាសប្បាយចិត្ត»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ជាការពិតសម្តេចតែងតែចង់ឃើញកម្មករ កម្មការិនីមានកូនពូនជាចៅដោយសុភមង្គល ហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះ នឹងមិននាំមកនូវសុភមង្គលឡើយ ទាំងខាងចៅស្រីក៏ដូចជាខាងចៅប្រុស។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តយុវវ័យឲ្យបង្ហាញនូវការស្រលាញ់ដោយក្តីគោរពក្នុងថ្ងៃ១៤ កុម្ភៈនេះ៕