(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យឲ្យរួមគ្នាផ្តល់ឈាមទុកសង្គ្រោះជីវិតមនុស្សនៅថ្ងៃ «ទិវានៃក្តីស្រឡាញ់» ១៤ កុម្ភៈ នេះ។

នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ លោករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមស្ម័គ្រចិត្ត ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្លឹប​នៃក្តីស្រឡាញ់ សាខាកាកបាទក្រហមរាជធានីភ្នំពេញ សមាគម ក្រុមហ៊ុនឯកជន និងដៃគូសហការជាច្រើនទៀត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»។ ពិធីនេះនឹងធ្វើចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ជាប់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត)។

មជ្ឈមណ្ឌលជាតិផ្តល់ឈាមធ្វើយុទ្ធនាការផ្តល់ឈាមនៅថ្ងៃទិវានៃក្តីស្រឡាញ់នេះ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» ក្នុងបំណងបំផុសប្រជាពលរដ្ឋរួមគ្នាផ្តល់ឈាមឲ្យបានកាន់តែច្រើន ដើម្បីជួយសង្គ្រោះជាតិប្រជាពលរដ្ឋដែលជួបគ្រោះថ្នាក់ផ្សេងៗ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏មានកាដូអនុស្សាវរីយ៍ដូចជា អាវយឺតផ្តល់ឈាម និងផ្កាកុលាប សម្រាប់សប្បុរសជនបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម៕