(ភ្នំពេញ)៖​ ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន​ ឈ្មោះ​ HODO Group ដែលបានបោះទុនបង្កេីតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ បានលេីកឡេីងថា​ ប្រសិនបេីសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ​ (EBA) សម្រាប់ទំនិញកម្ពុជាមែននោះ នឹងមិនរំខានដល់ការវិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនោះឡេីយ។

សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ រយៈពេលគិតចាប់ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។

លោក​ Jack Chen ប្រធានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ បានអះអាងប្រាប់ Fresh News ថា​ មានកត្តា៣​ ដែលនាំឲ្យក្រុមហ៊ុនចិន​ និងបណ្តាប្រទេសដទៃទៀតទៅរកស៊ីនៅកម្ពុជា។ កត្តាទាំង៣នោះរួមមាន៖​ កម្លាំងពលកម្មមានតម្លៃទាប​ នយោបាយពន្ធដារល្អ​ និងប្រព័ន្ធអនុគ្រោះពន្ធ។

លោក​ Jack Chen បានអះអាងថា​ «នឹងមានផលប៉ះពាល់ខ្លះ​ តែមិនមែនទាំងអស់ទេ​។ យេីងមានទីផ្សារច្រេីនមិនមែនមានតែអឺរ៉ុបនោះទេ​ យេីងមានទីផ្សារនៅចិន​ អាមេរិក​ ជប៉ុន​ជាដេីម។ ពិភពលោកនេះធំធេងណាស់​ វាប៉ះពាល់ខ្លះតែមិនមែនទាំងអស់នោះទេ»។

HODO Group ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន​ រកស៊ីលេីវិស័យវាយនភណ្ឌ​ សំណង់​ ផលិតកង់​ និងផលិតឱសថផងដែរ។ ក្រុមហ៊ុននេះ​ បានចាប់ផ្តេីមបង្កេីតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីឆ្នាំ២០០៧​ លេីផ្ទៃដីជាង​ ១៣គីឡូម៉ែត្រក្រឡា។

បេីតាមលោក​ Jack Chan បច្ចុប្បន្នទុនវិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ មានរហូតដល់​ ៥០០លានដុល្លារអាមេរិក​។ មានរោងចក្រចំនួន​១៣០​ កំពុងដំណេីរការ​ ផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណ​ ២១,០០០នាក់​ ជាមួយប្រាក់ខែសមរម្យ។

អ្នកគ្រប់គ្រងជាន់ខ្ពស់នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរូបនេះបានអះអាងថា​ ក្រុមហ៊ុនកំពុងប្រឹងប្រែងកែប្រែបរិយាកាសនៃការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះឲ្យកាន់តែប្រសេីរថែមទៀត​ ដេីម្បីទាក់ទាញអ្នកវិនិយោគមកពីអាមេរិក​ បារាំង​ និងអ៉ីតាលីជាដេីមមកបង្កេីតរោងចក្រនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។

លោក​ Jack Chan បង្ហាញជំនឿចិត្តថា​ ភាពអំណោយផលភូមិសាស្ត្រសម្រាប់ការដឹកជញ្ជូនរបស់ខេត្តព្រះសីហនុ​ ដែលជាប់សមុទ្រ​ ជាមួយគម្រោងយកតំបន់សេដ្ឋកិច្ចពិសេសនេះឡេីងទីផ្សារមូលបត្រនៅទីក្រុងសៀងហៃ​ នឹងទាក់ទាញអ្នកវិនិយោគបានកាន់តែច្រេីនថែមទៀត៕