(ភ្នំពេញ)៖ នៅព្រឹកថ្ថៃទី១៤ ខែកម្ភ: ឆ្នាំ២០១៩នេះ សាលាឧទ្ធរណ៍ បានបើកសវនាការ ប្រកាសសាលដីកា លើសំណុំរឿង អតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធបទល្មើសចំនួន២ករណី គឺករណីឆបោក និងចេញសែកស្អុយ ដោយសម្រេចមិនអនុញ្ញាតឱ្យអតីតឧកញ៉ា ហូរ ចំរើន នៅក្រៅឃុំនោះទេ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូង រាជធានីភ្នំពេញដដែល។

ក្នុងការប្រកាសសាលដីការនៅព្រឹកមិញនេះ គឺអវត្តមានជនត្រូវចោទ ហូរ ចំរើន និងមេធាវី ប៉ុន្តែសាលាឧទ្ធរណ៍ទុកសិទ្ធិប្តឹងតវ៉ាតាមកំណត់ច្បាប់។ ការប្រកាសសាលដីការនេះផងដែរ មានលោក ឃុន លាងម៉េង ជាប្រធានក្រុមប្រឹក្សា ​និងក្រឡាបញ្ជី លោកស្រី ប៉េស រីណា ហើយធ្វើឡើងបន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ លើសំណុំរឿងគំរាមបាញ់សម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះរបស់លោក ហូរ ចំរើន ស្ថិតក្នុងខណ្ឌដង្កោ កាលពីពេលកន្លងទៅ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ​ធ្លាប់បានបានថ្លែងប្រាប់អង្គភាព Fresh News ​ឲ្យដឹងថា លោក ហូរ ចំរើន ជាប់ចោទលើករណី «ទី១៖​សំណុំរឿងសភាស៊ើបសួរលេខ ៣១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងទី២៖សំណុំរឿងសភាស៊ើបសួរលេខ ៣២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស ឆបោក»

បើតាមអ្នកនាំពាក្យរូបនេះ ​​សំណុំរឿងទាំងពីរនេះធ្លាប់បានជម្រះក្នុងពេលតែមួយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតែមួយ ប៉ុន្ដែលើកប្រកាសទៅថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សូមរំលឹកថា អតីតឧកញ៉ា ហូរ ចំរើន ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ ក្នុងបទចោទ ប្រើប្រាស់អាវុធ បាញ់បោះគំរាមសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់ខ្លួន ក្បែរគុកព្រៃស​។ ប្រភពព័ត៌មានបាន​បង្ហើបឲ្យដឹងថា បន្ទាប់ពីត្រូវចាប់ខ្លួន បញ្ជូនទៅពន្ធនាគារព្រៃស ព្រោះរឿងបាញ់បោះនោះ អតីតឧកញ៉ារូបនេះ នៅមានបណ្តឹងឆបោកប្រាក់ ចំនួន៣ករណីទៀត ក្នុងទំហំទឹកប្រាក់លានដុល្លារ ក្នុងនោះក៏មានការជាប់ពាក់ព័ន្ធជនជាតិចិនផងដែរ។

អតីតឧកញ៉ា ហូរ ចំរើន ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ពាក់ព័ន្ធករណី បាញ់បោះជិត១០គ្រាប់ ផ្អើលសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុចផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕