(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉ន និងផ្តល់បទពិសោធន៍ ជំនាញការងារសន្តិសុខ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

វគ្គបំប៉ន និងផ្តល់បទពិសោធន៍ជំនាញការងារសន្តិសុខ បានរៀបចំឡើងរយៈពេលចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានសិក្ខាកាមជាកងកម្លាំងនគរបាលជាតិ នៃផែនសន្តិសុខ តាមបណ្តាអធិការដ្ឋានស្រុក-ក្រុងទាំង១៣ និងតាមប៉ុសិ៍ទាំង១១៦ទូទាំងខេត្តព្រៃវែង ចំនួន១៥០នាក់ ស្រី៤នាក់។

ការបំពាក់បំប៉ននេះ ស្របទៅតាមផែនការរបស់នាយកដ្ឋានកណ្តាលសន្តិសុខ បានដាក់ចេញនៅឆ្នាំ២០១៩ ក្នុងការរៀបចំវគ្គបំប៉នជំនាញសន្តិសុខនេះឲ្យបាន២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា៕