(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវទៅដល់កម្មករ-កម្មការិនី កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហា EBA (គ្រប់មុខទំនិញលើកលែងតែសព្វាវុធ) ដរាបណាការងារនៅតែមានធ្វើ និងនៅតែទទួលបានប្រាក់ចំណូល។

ការអំពាវនាវយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសបិទសន្និបាតបូកសរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយ គឹសំខាន់យើងត្រូវប្រឹងប្រែងដោយខ្លួនយើង ហើយបងប្អូនទាំងឡាយ ជាពិសេសកម្មករ...បើនៅតែបន្ដមានការងារធ្វើ មានប្រាក់ចំណូលកុំខ្វល់ថា អ្នកណា និយាយពីអី ហើយខ្ញុំក៏កំពុងចង់មើលមុខ អ្នកដែលរង់ចាំអាខ្មោច ដែលវាស្លាប់ទៅហើយ វានឹងរស់ឡើងវិញ ដើម្បីទទួលបានប្រាក់ខែ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «រឿងជាក់ស្ដែង ដែលអ្នកត្រូវយល់ ហើយយើងទាំងអស់គ្នាត្រូវយល់ ខ្ញុំគ្មានការចាំបាច់ត្រូវឆ្លើយតប ជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្ដែខ្ញុំមានភារកិច្ច ដើម្បីនឹងពន្យល់ ប្រជាពលរដ្ឋ១៦លាននាក់ ដែលនៅក្នុងប្រទេសកម្ពុជា ថាកម្ពុជា មិនស្លាប់ដោយសារតែអត់ភាពអនុគ្រោះពន្ធ EBA ហើយក៏មិនអាចធ្វើអ្នកមាន ដោយសារតែភាពអនុគ្រោះ EBA នោះដែរ»

សូមបញ្ជាក់ថា សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»

ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរ ប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ ជាផ្លូវការតែប៉ុណ្ណោះ។ រយៈពេលគិតចាប់ ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាន នៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។

សហភាពអឺរ៉ុប ជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ ទំនិញកម្ពុជា ដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ក្នុងទឹកប្រាក់ បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិកពីប្រព័ន្ធអនុគ្រោះពន្ធ៕