(ភ្នំពេញ)៖ ករណីហិង្សានៅក្នុងគ្រួសារមួយបានកើតឡើង បន្ទាប់ពីបុរសជាប្តីបានយកទូរស័ព្ទតេទៅស្ត្រីជាប្រពន្ធ ហើយមិនព្រមលើក ខណៈដែលនាងមកដល់ផ្ទះ ក៏កើតជាជម្លោះពាក្យសំដីរហូត ឈានដល់ការប្រើប្រាស់អំពើហិង្សា វាយទៅវាយមកប្តីវាយ និងច្របាច់កប្រពន្ធ រហូតសន្លប់នៅក្នុងបន្ទប់ កូនស្រែទ្រហ៊ោយំពេញផ្ទះ ផ្អើលអ្នកជិតខាង ប្តឹងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ ចាប់វាយខ្នោះបុរសជាប្តីភ្លាមៗ ដើម្បីសួរនាំតាមនីតិវិធី។

ហេតុការដ៏ហិង្សានៅក្នុងគ្រួសារដែលភាពភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង០៨៖០០យប់នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិ​ថ្មគោល​ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា បុរស​ជាប្តី​ឈ្មោះ​ ផាន់​ សុវន​ ភេទ​ប្រុស ​អាយុ​៤០ឆ្នាំ​ មុខរបររត់​តាក់ស៊ី​​រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ​។ ចំណែកឯ​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​ យ៉ាន់​ ​វី​ ហៅ​លីន​ អាយុ​២៩ឆ្នាំ​ មុខរបរ​មើល​ការ​ខុស​ត្រូវ​ទូរហ្គេម​ និងមានកូន២នាក់។

តាមន្ត្រីនគរបាលបាល បានបន្តថា នៅ​មុនពេល​កើតហេតុ​ ប្រជាពលរដ្ឋបានឮសំឡេង គ្រួសារ​ខាង​លើ​ មាន​ជម្លោះ​នៅ​ក្នុង​គ្រួសារ​ ដោយ​ឮបោក​របស់​របរ​ក្នុង​ផ្ទះ​ ហើយ​ឮ​សំឡេង​កូន​យំ​ទ្រហឹងពេញ​ផ្ទះ​ ហើយ​បន្ទាប់​មក​កូន​ប្រុស​របស់​ពួកគាត់​ បាន​ចេញ​មក​ពី​ក្នុង​ផ្ទះ​ ហើយ​ប្រាប់​ថា​ឪពុក​ម្តាយរបស់ខ្លួន កំពុងវាយ​គ្នា​ទៅវិញ​ទៅ​មក​ ភ្លាមៗនោះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាងលើ​ ក៏បានតេ​ប្តឹង​ឱ្យសមត្ថកិច្ច​មកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

មន្ត្រីនគរបាលបានបន្តថា ខណៈពេលប្រជាពលរដ្ឋតេប្តឹងភ្លាម​ៗ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បាន​ឃើញ​ប្តី​ មាន​របួស​ស្នាម​ក្រចក​ពេញ​ខ្លួន​ តែ​មិន​ឃើញ​ប្រពន្ធ​ ខណៈពេលនោះដែលសមត្ថកិច្ច​បាន​ស្រែក​ហៅ​ប្រពន្ធ​ តែ​មិន​ឮសំឡេង​ឆ្លើយ​តប​ ហើយ​សមត្ថកិច្ច​មាន​ការ​សង្ស័យ​ បានឡើង​ទៅ​លើ​ឡៅតឿ​ ដោយ​ឃើញ​ស្រ្តី​ជាប្រពន្ធ​បានសន្លប់​ស្ដូកស្ដឹង​នៅ​លើ​ពូក​ ភ្លាមៗបាន​ហៅ​ប្រជាពលរដ្ឋនៅក្បែរនោះជួយធ្វើចលនា​ ដង្ហើមនឹង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯក​ជន​ភ្លាម​ៗ​ផង​ដែរ​។

មន្ត្រីនគរបាល បានឱ្យដឹងថា ករណីដែលបង្កឱ្យកើតអំពើហិង្សានៅក្នុងគ្រួសារខាងលើនេះ គឺដោយសារតែបុរសជាប្តីមិនសូវស្រួលខ្លួន ក៏បានតេទៅប្រពន្ធគាត់ជាច្រើនដង ​តែ​ប្រពន្ធ​គាត់​មិន​ព្រម​ទទួល​ មួយសន្ទុះក្រោយមក នៅពេលដែលប្រពន្ធរបស់ខ្លួនលើកទូរស័ព្ទ ណាមួយដោយសារតែខឹងខ្លាំងពេកខ្លួន ក៏បានជេរប្រមាថប្រពន្ធគាត់យ៉ាងខ្លាំង និងបានទៅ​រក​រឿងនៅកន្លែងធ្វើការតែម្ដង។

ព្រមទាំងបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ​ខណៈដែលមកដល់ផ្ទះ វិញ​ប្រពន្ធ​របស់​គាត់​ បាន​បោក​រូប​ថត​ អាពាហ៍ពិពាហ៍​ចោល​ ហើយ​ប្តី​បាន​បោក​ទូរស័ព្ទ​ប្រពន្ធ​ចោល​វិញដែរ។ រហូតឈានដល់ការកើតហិង្សាវាយតប់គ្នាទៅវិញទៅមក បុរសជាប្តីចាប់បោចសក់ច្របាច់កបណ្តាល ឱ្យស្ត្រីជាប្រពន្ធសន្លប់។ ចំណែកខាងប្តីក៏បានរងរបួសពេញខ្លួនផងដែរ ដោយសារប្រពន្ធខាំនឹងក្រញ៉ៅស្នាមក្រចក ពេញពេញខ្លួន។

ក្រោយ​ពេល​កើតហេតុ​ ស្រ្តី​រងគ្រោះ​ជាប្រពន្ធ​ មិន​បានប្តឹងផ្តល់ទៅ​លើប្តីរបស់​ខ្លួន​ទេ ប៉ុន្តែសូម​ឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យានឹងឱ្យត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាមៗ​ផងដែរ​៕