​(ញូយ៉ក)៖ វេណេស៊ុយអេឡា​កំពុងព្យាយាម​ស្វែងរកការគាំទ្រ​ នៅឯអង្គការ​សហប្រជាជាតិ ខណៈប្រឈមមុខ​នឹងវិបត្តិនយោបាយ​នៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមេបក្ស​ប្រឆាំងប្រកាសតែងតាំង​ខ្លួនឯងជាប្រធានាធិបតី​ស្ដីទី ក្រោមការទទួលស្គាល់​ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​មួយចំនួន​ទៀត។ នេះ​បើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅឯទីស្នាក់ការ​អង្គការ​សហប្រជាជាតិ (UN) ក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេស​វេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានអំពាវនាវ​ឱ្យអន្តរជាតិ គោររព​តាមការសម្រេចចិត្ត​របស់ប្រជាជន​វេណេស៊ុយអេឡា និងអធិបតេយ្យភាព​ក្នុងនាមជា​សមាជិក UN ស្មើៗគ្នា។

លោក Arreaza គូសបញ្ជាក់​បន្ថែម​យ៉ាងដូច្នេះថា «យើងមានសិទ្ធិ​គ្រប់យ៉ាងដើម្បីរស់រាន្ត​មានជីវិត ដោយគ្មានការ​គំរាមកំហែង ប្រើកម្លាំងបាយ និងការរំលោភ​បំពាននានា... ឈរលើមូលដ្ឋាន​នេះហើយ ទើបយើង​សូមអំពាវនាវឱ្យរដ្ឋជា​សមាជិក UN ទាំងអស់​ចូលរួមជាមួយពួកយើង​ ក្នុងការការពារ​ច្បាប់​អន្តរជាតិ ដើម្បីធានា​នូវសន្តិភាពសម្រាប់​មនុស្សជាតិ»។

គួរជម្រាបថា បច្ចុប្បន្ន​បណ្ដាប្រទេសជា​សមាជិក UN កំពុងមានការបែក​បាក់គ្នា ដោយសារតែខ្លះគាំទ្រ​លោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតី​វេណេស៊ុយអេឡា​ស្ដីទី​តាម​សហរដ្ឋអាមេរិក ហើយខ្លះទៀត​ដូចជាចិន និងរុស្ស៊ីនៅ​តែគាំទ្របន្តលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតី​ស្របច្បាប់តែមួយគត់​របស់​ប្រជាជាតិ​អាមេរិកឡាទីន​មួយនេះ ដោយហេតុផលងចម្បងមួយថា លោក ម៉ាឌូរ៉ូ ជាមេដឹកនាំជាប់ឆ្នោត និងបានស្បថឡើងកាន់តំណែងជាផ្លូវការ នាដើមឆ្នាំ២០១៩ នេះតែម្តង៕