(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាល១១នាក់ និងរបួសធ្ងន់១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៨គ្រឿង, រថយន្តតូច៦គ្រឿង និងរថយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២០៥នាក់, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩៩ របួសធ្ងន់១៩៧ និងរបួសស្រាល៩៥នាក់៕