(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធប៉ុស្តិ៍រដ្ឋបាលទាំង៨ ប៉ុស្តិ៍នៅស្រុករមាសហែក ខេត្តស្វាយរៀង ដែលចំណាយថវិការអស់ ប្រមាណ១២០០០០ដុល្លារ។

ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ព្រមអស់លោកលោកស្រីជាអភិបាលរងខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធប្រមាណ ជិត១០០០នាក់ ផងដែរ។

ថ្លែងនៅក្នុងពិធីនេះនាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលមានវត្តមាននៅទៅនេះផងដែរ។ នាយឧត្តមសេនីយ៍បានលើកទ្បើងទៀតថា ដើម្បីងាយស្រួល ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អតាំងនាមរូបលោកជាប្រធានក្រុមការងារចុះជួយស្រុកបានគៀងគរជាក្រុមការងារក្នុងការកសាងប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យមានកន្លែងសមរម្យក្នុងការធ្វើការងារផងដែរ។

ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំដល់កម្លាំងទាំងអស់ត្រូវបន្តខិតខំធ្វើការងាររបស់ខ្លួនប្រកបដោយទទួលខុសត្រូវ និងត្រូវពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យទទួលបានជោគជ័យបន្ថែម ទៀតក្នុងការបង្ក្រាបបទល្មើសផ្សេងៗដូចជាចោរលួច ចោរប្លន់ បងតូចបងធំ ការជួញដូរមនុស្សខុសច្បាប់ គ្រឿងញៀនឱ្យអស់ពីមូលដ្ឋានធ្វើយ៉ាងណាឱ្យពលរដ្ឋរស់នៅដោយសុខដុមរមនា។

សូមបញ្ជាក់ថា នៅទូទាំងស្រុករមាសហែក មានប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៦ ស្មើរនឹង១៦ឃុំ មានប៉ុស្តិ៍រដ្ឋបាលសាងសង់ ធ្វើអំពីថ្មរទាំងអស់ ក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក៕