(ភ្នំពេញ)៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» គឺជាដាស់ស្មារតីដល់រាជរដ្ឋាភិបាលឲ្យប្រឹងប្រែងធ្វើកំណែទម្រង់ពង្រឹងសមត្ថភាពធ្វើពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ។

បើតាមលោក សុខ ទូច ព្រោះតែការប្រកាសពីដំណើរការព្យួរ EBA នេះហើយធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ជាច្រើន ដើម្បីជួយដល់អ្នករកស៊ីក្នុងស្រុក និងធ្វើឲ្យបានកាន់តែប្រសើរនូវការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ វិធានការដែលលោក សុខ ទូច បានមើលឃើញថា ធ្វើឡើងក្រោយការព្យួរ EBA នេះ មានដួចជាលុបបំបាត់ស្ថាប័នកាំកុងត្រូលតាមច្រកព្រំដែន ការលុបអង្គភាពនាវាចរ (កាំសាប) ការលែងឲ្យអ្នកនាំចេញទៅយកវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញជាដើម។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញទៀតថា ការប្រកាសចាប់ផ្តើមដំណើរការព្យួរ EBA នេះ ក៏បានរួមចំណែកឲ្យកម្មកម្ពុជារកឃើញអំពើពុករលួយការចំណាយក្រៅផ្លូវការរបស់អ្នករកស៊ីជាច្រើនផងដែរ។

លោក សុខ ទូច បានចោទជាសំណួរថា ពាក់ព័ន្ធបញ្ហាអង្ករប្រទេសថៃ និងវៀតណាម ទិញស្រូវពីកម្ពុជា តែហេតុអ្វីគេអាចផលិតអង្ករនាំចេញទីផ្សារអន្តរជាតិទាំងគេមិនមានប្រព័ន្ធអនុគ្រោះពន្ធផងនោះ? លោក សុខ ទូច ថាបញ្ហានេះ គឺជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយរបស់កម្ពុជា ដែលត្រូវទទួលស្គាល់នឹងដោះស្រាយ។

សម្រាប់លោក សុខ ទូច បានចាត់ទុកការគំរាមដក EBA នេះជារឿងល្អទៅវិញសម្រាប់កម្ពុជា ព្រោះបានធ្វើឲ្យមានការភ្ញាក់រលឹកពង្រឹងការធ្វើពាណិជ្ជកម្ម ហើយនឹងធ្វើឲ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកាន់តែមានប្រជាប្រិយភាពពេលដោះស្រាយបានបញ្ហាទាំងអស់នេះ។

សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗពន្យល់ទៅគណៈកម្មការអឺរ៉ុប។

ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន ១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្តនាំចូលទៅកាន់សហភាពអឺរ៉ុបដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី៕