(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា នៅក្នុងសហគមន៍ទេសចរណ៍នានានៅកម្ពុជា រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យវិស័យឯកជន (Private) វិនិយោគតែទៅលើអាជីវកម្មខ្នាតតូច (Small Scale) ដូចជាការបង្កើត Eco-lodges ផ្ទះស្នាក់ ភោជនីយដ្ឋាន ការផ្សព្វផ្សាយ ការបង្កើតកញ្ចប់ទស្សនកិច្ចទៅតំបន់នោះជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បែបនេះក្នុងកិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិកថ្មីៗ នៅទីស្ដីការក្រសួងទេសចរណ៍នាដើមសប្ដាហ៍នេះ ពាក់ព័ន្ធនឹងសក្ដានុពលលើវិស័យទេសចរណ៍ នៅសហគមន៍អេកូទេសចរណ៍ជីផាត ដែលជាគោលដៅថ្មីរបស់កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» លើកទី៤។

លោករដ្ឋមន្ត្រីបានថ្លែងថា វិស័យឯកជន ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់ទីនោះ។ តួនាទីមួយទៀតរបស់វិស័យឯកជន គឺការវិនិយោគ។ ការវិនិយោគនៅទីនោះមាន៣ប្រភេទរួមមាន៖ ការវិនិយោគលើអាជីវកម្មខ្នាតតូច ការវិនិយោគលើអាជីវកម្មខ្នាតមធ្យម និងការវិនិយោគលើអាជីវកម្មខ្នាតធំ។

លោកថ្លែងយ៉ាងដូច្នេះថា «ប៉ុន្តែនៅក្នុងសហគមន៍ យើងលើកទឹកចិត្តឱ្យមានការវិនិយោគខ្នាតតូច ឬហៅថា Eco-lodges ពីព្រោះភ្ញៀវទេសចរមិនអាចសម្រាកតែក្នុងផ្ទះស្នាក់គ្រប់គ្រាន់បានទេ តែអ្នកខ្លះក៏ចង់សម្រាកនៅក្នុង Eco-lodges ផងដែរ»

លោករដ្ឋមន្ត្រីបានបន្តថា ការទទួលសេវាពី Eco-lodges មានតម្លៃថោកសមរម្យ ហើយផ្សារភ្ជាប់ភាពសប្បាយរីករាយទៅនឹងធម្មជាតិ។ លោកថា បច្ចុប្បន្នមានវិស័យឯកជនចង់ធ្វើ Eco-lodges នេះច្រើនណាស់ដែរ។

តែទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា ការអភិវឌ្ឍតំបន់ទេសចរណ៍ណាមួយ ទាល់តែមានការចូលរួមពីភាគីពាក់ព័ន្ធចំនួន៤ ឬហៅថា 4P៖

* P1= Public (ផ្នែកសាធារណៈ)៖ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវចូលទស្សនា) ត្រូវតបណ្ដាញអគ្គិសនី ត្រូវរៀបចំឱ្យមានប្រព័ន្ធអ៉ីនធឺរណេត សេវាទូរស័ព្ទ ត្រូវបង្កើតសាលារៀនជូនប្រជាជន ត្រូវបណ្ដុះបណ្ដាលជំនាញ ឬចំណេះដឹងនានាដល់ប្រជាជនរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា និងច្បាប់ ដើម្បីគាំទ្រ និងការពារសហគមន៍។ល។

* P2= Partnership (ដៃគូអភិវឌ្ឍន៍)៖ ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រទេសអ្នកផ្តល់ជំនួយត្រូវផ្តល់ហរិញ្ញប្បទាន និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ ការបណ្តុះបណ្តាលព័ត៌មានវិទ្យា ការផ្សព្វផ្សាយពីសហគមន៍ដែលមានការទទួលខុសត្រូវ តាមរយៈបណ្តាញសហគមន៍អន្តរជាតិ។

* P3= Private (ផ្នែកឯកជន)៖ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងធុរជនទេសចរណ៍ ត្រូវជួយផ្សព្វផ្សាយ ព្រមទាំងរៀបចំកញ្ចប់ទស្សនកិច្ច ដែលមានការទទួលខុសត្រូវទៅកាន់សហគមន៍ទេសចរណ៍ និងអាចជួយពិចារណានាំគម្រោងវិនិយោគខ្នាតតូច (Small Scale) ដូចជា Eco-lodges មកកាន់សហគមន៍។

* P4= People (ប្រជាសហគមន៍ និងទេសចរ)៖ ប្រជាសហគមន៍ជាបញ្ហាគន្លឹះ ពួកគាត់ត្រូវឆ្លងកាត់ការអប់រំ បណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់យល់អំពីគុណតម្លៃ និងអត្ថប្រយោជន៍ ពិសេសចំណូលថវិកាដែលបានពីសកម្មភាពទេសចរណ៍ ជាជាងចំណូលដែលបានមកពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញ់ព្រៃឈើ៕