(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកនិងណែនាំដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងទេសរដ្ឋមន្ដ្រី ប៉ុល សារឿន ត្រូវបង្កើនការយកចិត្តទុកដាក់ជ្រើសរើសទាហាន និងមន្ដ្រីជំនាញជាស្ដ្រីឲ្យបានច្រើនបន្ថែមទៀត សម្រាប់ការទៅបំពេញការងារក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សារណែនាំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅផែនការសកម្មភាពការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
Facebook របស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការចូលរួមរបស់ស្រ្តីក្នុងក្របខ័ណ្ឌ ជាមួយអង្គការសហប្រជាជាតិ នៅក្រៅប្រទេសវិញ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ប៉ុល សារឿន បង្កើនការយកចិត្តទុកដាក់ជ្រើសរើសទាហាន និងមន្រ្តីជំនាញជាស្រ្តីឲ្យបានច្រើនថែមទៀត រួមទាំងមន្រ្តីជំនាញ និងគ្រូពេទ្យ សម្រាប់យកទៅធ្វើការនៅមន្ទីរពេទ្យដែលកម្ពុជា កំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់ខាងត្បូង»។
លើសពីនេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសរំលេចបន្ថែមថា មន្ត្រីដែលបានតែងតាំងថ្មីៗក្នុងអណត្តិនេះ គឺត្រូវតែផ្តល់ការងារឲ្យពួកគាត់ធ្វើ មិនមែនតែងតាំងហើយទុកឲ្យនៅទំនេរនោះទេ ជាពិសេសស្ត្រីតែម្ដង៕