(ព្រះវិហារ)៖ លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានចេញលិខិតជូនដំណឹងបញ្ឈប់ការជួលបន្ទប់ និងដីរបស់សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តព្រះវិហារឲ្យទៅវិទ្យាស្ថាន អាស៊ី-កម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ទីរឲ្យបញ្ឈប់ការជួលបន្ទប់ និងដីរបស់សាលាគរុកោសល្យនិងវិក្រឹត្យការខេត្តព្រះវិហារ មួយផ្នែកឲ្យទៅវិទ្យាស្ថាន អាស៊ី-កម្ពុជា ដោយយោងតាមកំណត់ហេតុប្រជុំ របស់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្តីពី ការផ្អាកជាបណ្តោះអាសន្នការជួលបន្ទប់ជូនវិទ្យស្ថាន អាស៊ី-កម្ពុជា។

នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់ច្បាស់ថា ការជួលបន្ទប់ និងដីមួយផ្នែក នៃសាលាគរុកោសល្យនិងវិក្រិត្យការខេត្តព្រះវិហារឲ្យទៅវិទ្យស្ថានអាស៊ី -កម្ពុជា ត្រូវបានផ្អាកតាមស្មាតី នៃអង្គប្រជុំថ្នាក់ដឹកនាំមន្ទីរអប់រំ ដែលបានសម្រេច ព្រោះច្បាប់មិនអនុញ្ញាតឲ្យប្រើប្រាស់ដី និងទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីរកប្រាក់ចំណូលដល់អង្គភាពឡើយ។ ម្យ៉ាងវិញទៀត វិទ្យាស្ថាន បានដំណើរការអស់រយៈពេល៨ខែមកហើយ ប៉ុន្តែមិនទាន់បានកសាងមូលដ្ឋានផ្ទាល់ខ្លួនបាន ជាពិសេសមិនទាន់មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់សម្រាប់ឲ្យដំណើរការនៅឡើយ។

ដូច្នេះដើម្បីចៀសវាងបញ្ហាដែលកើតឡើងខាងផ្លូវច្បាប់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សុំបញ្ឈប់ការជួលទីតាំងខាងលើជូនវិទ្យស្ថាន អាស៊ី-កម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ ដើម្បីឲ្យសាលាគរុកោសល្យនិងវិក្រឹត្យការខេត្ត រៀបចំពង្រីកចំនួនថ្នាក់សម្រាប់កំព្យូទ័រ ថ្នាក់បណ្ណាល័យ និងបំពាក់សម្ភារថ្មីៗ ចូលតាមបន្ទប់ ហើយមន្ទីរអប់រំខេត្ត នឹងរៀបចំអភិវឌ្ឍន៍សាលាបឋមសិក្សា អនុវត្តជាសលាគំរូរបស់ខេត្ត ដែលមានទីតាំងស្ថិតក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹត្យការខេត្តឲ្យត្រូវតាមស្តង់ដា។

សូមបញ្ជាក់ថា វិទ្យស្ថាន អាស៊ី-កម្ពុជា ដែលមានទីតាំងនៅក្នុងសាលាគរុកោសល្យ គឺពីមុនមានឈ្មោះមួយទៀតថា សកលវិទ្យាល័យអាស៊ីបច្ចេកវិទ្យា ដោយសារតែឈ្មោះសកលវិទ្យាល័យនេះ មិនមានច្បាប់ក៏ដោះទម្លាក់ស្លាកទៅវិញ ហើយដាក់ឈ្មោះថា វិទ្យាស្ថាន អាស៊ី-កម្ពុជា ឲ្យដំណើរការជំនួសវិញ។

គេសង្ស័យថា វិទ្យាស្ថាន អាស៊ី-កម្ពុជានេះ ប្រហែលពុំទាន់មានច្បាប់ត្រឹមត្រូវនោះទេ ព្រោះបើកដំណើរការរយៈពេលយូរខែ គេទើបឃើញថ្នាក់ដឹកនាំវិទ្យាស្ថាននេះរត់ច្បាប់ ដែលលោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ លោក ហេង កូយ ទើបតែចុះហត្ថលេខា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ៕