(ត្បូងឃ្មុំ)៖ នៅក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយអប់រំ យល់ដឹងពីមីន នៅភូមិព្រែកតូច ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍មកសមត្ថកិច្ច នៅពេលប្រទះឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដោយមិនត្រូវប៉ះពាល់ ឬយកមកកែឆ្នៃធ្វើអ្វីមួយ នោះទេ ពីព្រោះគ្រាប់ទាំងនោះមួយចំនួន នៅតែបង្ករគ្រោះដល់ បងប្អូនប្រជាពលរដ្ឋគ្រប់ពេល។

លោកទេសរដ្ឋមន្រ្តី លើកឡើងថា ប្រទេសជាតិយើងមានសុខសន្តិភាព ប៉ុន្តែកាកសំណល់សង្រ្គាមនៅតែតាមគំរាមកំហែងអាយុជីវិត ប្រជាពលរដ្ឋគ្រប់ពេល ខណៈគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានបន្សល់ទុកយ៉ាងច្រើនលើទឹកដីកម្ពុជា។

លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ និងម្យ៉ាងដោយមិនចង់មើលឃើញប្រជាពលរដ្ឋ នៅតែបន្តរងគ្រោះដោយកាកសំណល់សង្រ្គាមនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងបោសសំអាតមីន ឲ្យអស់ពីទឹកដីរបស់យើងតាមរយៈក្រុមការងារស៊ីម៉ាក់ដែលបាន ធ្វើសកម្មភាពបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ។

ជាមួយគ្នានោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានលើកឡើងថា «យើងត្រូវចូលរួមទាំងអស់គ្នាដោយនៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ មិនត្រូប៉ះពាល់ នោះទេ ដោយត្រូវដាក់សញ្ញាសំគាល់ បន្ទាប់មករាយការណ៍ទៅសមត្ថកិច្ច ដើម្បីផ្តល់ព័ត៌មានដល់ជំនាញចុះមកពិនិត្យ និងយកចេញ»។

លោកបន្តថា ដោយខេត្តត្បូងឃ្មុំ ជាខេត្តមួយដែលមាន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ពីសង្រ្គាមច្រើនគួសមនោះ សូមឲ្យអាជ្ញាធរមីនបង្កើនការងារសិក្សាស្រាវជ្រាវ ស្វែងរកគ្រាប់ទាំងនោះ ឲ្យអស់បានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំមានគ្រោះថ្នាក់ ណាមួយដល់ប្រជាពលរដ្ឋគ្រប់រូប។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការធ្វើបទបង្ហាញជុំវិញគ្រោះ ថ្នាក់ដោយសាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេង រួមទាំងមានសំណួរចម្លើយនានាជុំបញ្ហានេះ ដើម្បីបញ្ជ្រាបការយល់ដឹង ថែមទៀតដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលចូល រួមផងដែរ។

បន្ទាប់មកលោកទេសរដ្ឋមន្ត្រី លី ធុច និងលោក ជាម ច័ន្ទសោភ័ណ បានអញ្ជើញបន្តទៅសួរសុខទុក្ខកងកម្លាំងបោសសម្អាតមីនមជ្ឍមណ្ឌលជាតិ NPMEC នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងពិនិត្យមើលទីតាំងបោសសម្អាតមីននិងគ្រាប់ក្នុងបរិវេណសាងសង់មន្ទីរពេទ្យខេត្តត្បូងឃ្មុំផងដែរ៕