(ភ្នំពេញ)៖ លោក អារិន ឆ្វាតចេស (Arend Zwartjes) អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាជាទីរាប់អាន។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំតែងតែស្ញប់ស្ញែងចំពោះប្រទេសរបស់លោក ដែលតែងតែប្រកាសអួតអាងជាប្រទេសគោរពច្បាប់ គោរពសិទ្ធិរបស់អ្នកដទៃ និងជាបិតាប្រជាធិបតេយ្យលើលោកជាដើម។
ខ្ញុំស្ញប់ស្ញែងចំពោះការចំណេះដឹង និងការអប់រំខ្ពង់ខ្ពស់របស់ប្រទេសលោកដែលជាអរិយប្រទេសលើលោកនាពេលបច្ចុប្បន្ន។ តែខ្ញុំសោកស្តាយជាពន់ពេកចំពោះសហរដ្ឋអាមេរិក ដែលមានមន្ត្រីការទូតដូចរូបលោកបំពេញការងារទាំងមិនស្គាល់អ្វីទៅជាវិជ្ជាជីវៈការទូត ភារកិច្ចរបស់ខ្លួន ក៏ដូចជាច្បាប់របស់អន្តរជាតិ។
លោក អារិន ឆ្វាតចេស ខ្ញុំមិនដឹងថា នៅពេលកម្ពុជាចាប់ផ្តើមដំណើរការចរចាស្វែងរកសុខសន្តិភាពរហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បិទបញ្ចប់ភ្លើងសង្គ្រាមដ៏ហែកហួរផ្តើមចេញពីរដ្ឋប្រហារ១៨ មីនា ១៩៧០ គាំទ្រដោយប្រទេសដ៏ឧត្តុងឧត្តមរបស់លោកនោះ លោកបានធំធាត់ដឹងសេចក្តីហើយឬនៅនោះទេ? ហើយក៏មិនដឹងថា មុនពេលមកបំពេញការងារនៅកម្ពុជា បានសិក្សាស្រាវជ្រាវរឿងរ៉ាវប្រវត្តិដំណើរការចរចារកសន្តិភាព និងស្វែងយល់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរឬទេ?
តែខ្ញុំពិតជាសោកស្តាយចំពោះការបកស្រាយទាំងខ្វះចំណេះដឹងលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ឆ្នាំ១៩៩១ មិនបានផ្តល់អំណាចឱ្យសហរដ្ឋអាមេរិក ឬប្រទេសណាមួយ ត្រួតត្រា ឬលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។
មួយវិញទៀតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងអន្តរកាលមួយក្នុងពេលកម្ពុជាមិនទាន់បានបង្កើតរាជរដ្ឋាភិបាល តែវាត្រូវបានរលាយទៅទាំងស្រុងពេលរាជរដ្ឋាភិបាលត្រូវបានបង្កើតជាផ្លូវការក្រោយការបោះឆ្នោតអាណត្តិទី១ឆ្នាំ១៩៩៣។
ការលើកឡើងរបស់លោកថា ក្នុងឋានៈជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានសិទ្ធិតាមដានការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ ជាការបញ្ចេញមតិដោយពុំមានការយល់ដឹងច្បាស់លាស់ពីកិច្ចព្រមព្រៀងនេះ ហើយលោកកំពុងធ្វើមនុស្សងងឹតងងុលធ្វើមិនដឹងមិនឮចំពោះការខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការកសាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ជាពិសេសការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួននោះ។
ខ្ញុំសូមជម្រាបជូនលោកថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ កម្ពុជាបានអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស អនុញ្ញាតឱ្យមានការិយាល័យសិទ្ធិមនុស្សនៅកម្ពុជា សិទ្ធិសេរីភាពបរិបូរណ៍ក្នុងការបញ្ចេញមតិ ដែលគេអាចមើលឃើញតាមរយៈវត្តមានរបស់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមក្នុងស្រុកចំនួនជាង៥,០០០ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសជិត៤០០ ប្រព័ន្ធឃោសនា និងសារពត៌មានជាច្រើន រួមទាំងវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលតែងផ្សព្វផ្សាយជារៀងរាលថ្ងៃមកកម្ពុជា។
ការបញ្ចេញមតិរបស់លោក អារិន ឆ្វាតចេស វាជាលេសសម្រាប់បិទបាំងនូវនយោបាយពោរពេញដោយពុតត្បុតពិសពុល ជាល្បិចកលដ៏កខ្វក់ និងខ្មៅងងឹតជ្រៀតជ្រែកចូលកិច្ចផ្ទៃក្នុងកម្ពុជា សំដៅផ្តួលរំលំរាជរដ្ឋាភិបាល ដែលជ្រើសតាំងដោយប្រជាជនកម្ពុជា។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងចំពោះប្រទេសល្បាញល្បីរបស់លោក បែរជាដាក់មន្ត្រីទូតមកធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាតាមរបៀបមិនសមស្របតាមវិជ្ជាជីវៈការទូត និងអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១។
តើទង្វើរបស់លោកនេះជាកង្វះខាតផ្នែកចំណេះដឹងលើវិជ្ជាជីវៈរបស់លោកពិតប្រាកដមែន ឬធ្វើជាមិនដឹង ដើម្បីសម្រេចមហិច្ឆតានយោបាយទុច្ចរិតនៃប្រទេសរបស់លោក?
ដោយ៖ ប្រជាពលរដ្ឋខ្មែរដែលធ្លាប់រងគ្រោះដោយអំបែងគ្រាប់បែកអាមេរិក