(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា លោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់សេចក្តីទុកចិត្តចាត់តាំងឱ្យរៀបចំបង្កើតក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស។
លោក គី តិច តាមរយៈបណ្តាញព័ត៌មាន Fresh News ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់សេចក្តីទុកចិត្ត និងឱកាសដល់រូបលោកដើម្បីបង្កើត ក្រុមមេធាវីការពារក្តីជូនស្រ្តីក្រីក្រ ដែលខ្វះលទ្ធភាពរកសេវាមេធាវីជួយការពារក្តី នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះលោកមេធាវីដែលការពារក្តីចំពោះសំណុំរឿងធំៗជាច្រើនខាងលើ ក៏បានប្តេជ្ញារៀបចំ និងដោះស្រាយនូវរាល់រឿងក្តីទាំងឡាយ ដើម្បីផ្តល់យុត្តិធម៌ដល់ស្រ្តីក្រីក្រនៅពេលខាងមុខនេះ។
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជារូបនោះ បានបញ្ជាក់ទៀតថា តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំហានទី១ នឹងឲ្យមានការរៀបចំ មេធាវីចំនួនប្រហែល៣០រូប ដែលភាគច្រើនជាស្រ្តី។
លោក គី តិច បានបន្ថែមប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ឥឡូវនេះលោកកំពុងតែញាប់ដៃញាប់ជើងចាត់ចែងរៀបចំក្រុមមេធាវីនេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោដើម្បីឲ្យទាន់ពេលវេលា។ ចំណែកទីស្នាក់ការកណ្តាល «ក្រុមមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន» គឺស្ថិតនៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ហើយនឹងមានមេធាវីតាមបណ្តាខេត្តនានា និងថ្នាក់តំបន់ ដើម្បីត្រៀមជួយដល់ស្រ្តីរងគ្រោះតាមខេត្ត ដែលរងគ្រោះដោយអំពើរំលោភបំពានណាមួយ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ជនរងគ្រោះជាស្ត្រីក្រីក្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយអោយកាន់តែមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត “ក្រុមមេធាវីការពាក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោ ដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រ»៕