(ឈីកាហ្គោ)៖ ក្មេងៗសរុប០៣នាក់ និងស្ត្រីម្នាក់បានបង់ជីវិត នៅក្នុងករណីបាញ់ប្រហារមួយនៅសង្កាត់ជាយក្រុង គែនត៍ (Kent) នៃរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃច័ន្ទ (ម៉ោងនៅភាគកណ្តាលអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមមន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ ក្មេងៗដែលបានបាត់បង់ជីវិតនោះ គឺជាក្មេងរៀននៅបឋមសិក្សា ប៉ុន្តែពុំមានព័ត៌មានបន្ថែមទៀតអំពីអត្តសញ្ញាណជនរងគ្រោះ ត្រូវបានបានបញ្ជាក់ឲ្យដឹងបន្ថែមនោះឡើយ ខណៈស្ត្រីម្នាក់ផងដែរបានបាត់ជីវិត ដោយទាំងអស់គ្នាមានស្លាកស្នាមនៃការបាញ់ប្រហារជាប់ដងខ្លួន។
គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់ថា តើករណីបាញ់ប្រហារខាងលើនេះត្រូវបានបង្កឡើងដោយជនណានោះឡើយ ខណៈប៉ូលិសនៅតំបន់ភាគខាងជើងរដ្ឋ Michigan បានអះអាងថា វាទំនងជាពុំបង្កគ្រោះថ្នាក់ណាផ្សេងទៀត ដល់សាធារណជននោះឡើយ ហើយសមត្ថកិច្ចត្រូវការពេលស៊ើបអង្កេតបន្តទៅមុខទៀត។ សម្រាប់រយៈពេលកំឡុងដើមឆ្នាំ២០១៩នេះ គេសង្កេតឃើញមានករណីបាញ់ប្រហារជាបន្តបន្ទាប់ បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក៕