(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានប្រកាសថា លោកនឹងចំណាយពេលវេលា ចុះមកសម្របសម្រួលដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ផ្សេងៗ ដល់ឃុំផ្ទាល់តែម្តង ដើម្បីខិតកៀកឲ្យជិតដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋ និងក្នុងនាមជា បង ប្អូន កូន ក្មួយ ក្នុងសមាជិកគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។

ការប្រកាសរបស់លោកអភិបាលខេត្ត ធ្វើឡើងនៅសាលាឃុំមេទឹក ស្រុកបាកាន ក្នុងឱកាសចុះដោះស្រាយសំណូមពរ បញ្ហាប្រឈម និងទំនាស់ដីកេរ្តិ៍ទាំង៩ករណី ដោយបានការចូលរួមពីលោកស្រី ជុក សុផានី ទីប្រឹក្សាក្រសួងមហាផ្ទៃ អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ មេភូមិ និងភាគីដែលមានការពាក់ព័ន្ធជាច្រើននាក់ទៀតកាលពីម្សិលមិញ។

សំណូមពរ បញ្ហាប្រឈម និងទំនាស់ដីកេរ្តិ៍ ទាំង៩ករណី រួមមាន៖

*ទី១៖ ស្នើសុំថវិកាសាងសង់កុដិ ក្នុងវត្តទួលលាប ដែលនៅខ្វះ
*ទី២៖ សំណូមពរសាងសង់ សាលាឆាន់ ក្នុងវត្តក្តាត
*ទី៣៖ សំណូមពរបិទការ៉ូ ៣០០ម៉ែត្រការ៉េ ក្នុងវត្តកោះខ្សាច់
*ទី៤៖ សំណូមពរសាងសង់ព្រះវិហារ ក្នុងវត្តត្រាង
*ទី៥៖ សំណូមពរប្រជាជន ស្នើសុំជីក អូរ ស្ទឹង បានប្រើប្រាស់ទឹក
*ទី៦៖ ប្រជាជននៅភូមិតាមុំ ស្នើសុំស្តារអណ្តូងរីងស្ងួត
*ទី៧៖ ប្រជាជននៅភូមិចិន្តាយ ស្នើសុំធ្វើស្រែតំបន់៣
*ទី៨៖ អ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី
*ទី៩៖ ទំនាស់ដីកេរ្តិ៍មរតក។

រាល់សំណូមពរ បញ្ហាប្រឈម និងទំនាស់ដីកេរ្តិ៍ទាំង៩ករណីខាងលើ លោក ម៉ៅ ធនិន បានយល់ព្រមឯកភាព និងពិនិត្យដោះស្រាយជូន ទៅតាមលទ្ធភាពជាក់ស្តែង។ ដោយឡែក បញ្ហាប្រជាពលរដ្ឋស្នើសុំធ្វើស្រែប្រាំងនៅតំបន់៣ និងអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីនោះ ត្រូវបញ្ឈប់ជាបន្ទាន់ បើនៅតែបន្តត្រូវចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង។

លោកបានបញ្ជាក់ដូច្នេះថា «ការយល់យោគ អធ្យាស្រ័យ និងសន្តោសប្រណីគ្នាទៅវិញទៅមក ជាលក្ខណៈគ្រួសារ គឺមានតាំងតែពីដូនតាយើងមកម៉្លេះ ដូចច្នេះត្រូវចងចាំថា បើគ្រួសារបែកបាក់ គឺហាក់បីដូចជាហែកបង្វេចឲ្យចោរយ៉ាងអញ្ចឹង»

សម្រាប់យន្តការ ឈ្នះ-ឈ្មះ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព និងជឿជាក់បំផុតរបស់លោក ម៉ៅ ធនិន បានធ្វើឲ្យគណៈកម្មការអាចារ្យវត្ត ប្រជាពលរដ្ឋ និងភាគីទំនាស់ ពេញចិត្ត និងយល់ស្របទទួលទាំងអស់គ្នា។ ក្នុងនោះតំណាងគណៈកម្មការអាចារ្យវត្ត និងប្រជាពលរដ្ឋ បានសម្តែងនូវក្តីសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ របស់លោកអភិបាលខេត្ត ដោយមិនគិតពីការនឿយហត់ ក្នុងចំណាត់ការដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាទំនាស់ផ្សេងៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

សូមបញ្ជាក់ថា ក្នុងកិច្ចដំណោះស្រាយខាងលើ លោក ម៉ៅ ធនិន ក៏បានចែកជូនអាហារសម្រន់រួមមាននំប៉័ងសាច់ និងទឹកសុទ្ធ សម្រាប់ពិសាជួបជុំគ្នា ព្រមទាំងបានប្រគល់ថវិកា និងសារុង ជូនដល់បុគ្គលិកពេទ្យ និងស្ត្រីដែលសម្រាលកូន នៅមណ្ឌលសុខភាពមេទឹក ទៅតាមទម្លាប់។ បន្ថែមក្នុងថ្ងៃដដែលនោះ លោកអភិបាលខេត្ត ក៏បានផ្តល់កិត្តិយកជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អាជីវករ និងលោកគ្រូអ្នកគ្រូ នៅភោជនីយដ្ឋានបូរចំរើន ស្រុកបាកាន ក្នុងស្មារតីស្និទស្នាល ជាលក្ខណៈគ្រួសារផងដែរ៕