(ភ្នំពេញ)៖ ក្រុមហ៊ុន Printronix LLC ប្រកាសចាប់ដៃគូរសហការ ជាមួយក្រុមហ៊ុនក្នុងស្រុក គឺក្រុមហ៊ុន AWS Cambodia ដើម្បីនាំយកម៉ាស៊ីនព្រីន Line Matrix Printer មកបន្ដចែកចាយនៅកម្ពុជា។

ការចុះកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម របស់ក្រុមហ៊ុនទាំង២នេះ ធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ ភាពជាដៃគូនេះមានគោលបំណងជំរុញដល់ការអភិវឌ្ឍន៍ និងនាំមកនូវបច្ចេកវិទ្យា Line Matrix Printer ទៅកាន់វិស័យសាធារណៈ និងសហគ្រាសនៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីកិច្ចព្រមព្រៀងនេះក្រុមហ៊ុន AWS Cambodia នឹងក្លាយជាតំណាងចែកចាយ ផ្តាច់មុខផលិតផល Printronix ទាំងអស់របស់ក្រុមហ៊ុន Printronix LLC នៅកម្ពុជារួមមាន៖ Printronix Pedestal, Zero Tear និង Cabinet ជាដើម។

លោក Daniel Ho ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចឲ្យដឹង «នេះជាលើកដំបូងក្នុងការចាប់ផ្តើមកិច្ចព្រមព្រៀងដៃគូនៅកម្ពុជា
សម្រាប់ទីផ្សារ Printronix ហើយគ្រប់ភាគីទាំងអស់ជឿជាក់ថា នេះជាការចាប់ផ្តើមនៃទំនាក់ទំនងធុរកិច្ចដ៏យូរអង្វែង និងជោគជ័យ»

លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន AWS Cambodia ឲ្យដឹងថា បន្ទាប់ពីជោគជ័យក្នុងការចែកចាយផ្តាច់មុខ សំរាប់ផលិតផល Printronix នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុននឹងផ្ដល់ជូនអតិថិជននូវសេវាកម្មល្អបំផុត។

លោកបន្ដថា «ក្រុមហ៊ុនសង្ឃឹមថាភាពជាដៃគូមួយនេះ នឹងប្រកបទៅដោយផ្លែផ្កា ក្នុងការផ្តល់ជូនដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដល់អតិថិជននៅកម្ពុជា តាមរយៈកិច្ចសហការជាបន្តបន្ទាប់ ដែលនឹងជួយឱ្យអតិថិជន
ទទួលបានបច្ចេកវិទ្យាថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត»

សូមជម្រាបថា Printronix LLC មានវត្តមាននៅលើពិភពលោកប្រមាណជាង៤០ឆ្នាំមកហើយ និងបានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ទូទាំងពិភពលោកសម្រាប់ការបោះពុម្ព លក្ខណៈឧស្សាហកម្ម។ Printronix និង TallyGenicom ត្រូវបានគេទទួលស្គាល់ជា ប្រភេទម៉ាស៊ីនព្រីន Line Matrix តាមរយៈស្ថាប័ន, ដ្ឋាភិបាល, សហគ្រាសរថយន្ត, ក្រុមហ៊ុនលក់ដុំ និងរាយ, ក្រុមហ៊ុនម្ហូបអាហារ និងភេសជ្ជៈ និងសហគ្រាស៕