(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យមើល ការជីកស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «បើទោះបីជាតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ មិនទាន់ប្រឈមនិងបញ្ហាខ្វះទឹកក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត យើងត្រូវត្រៀមលក្ខណៈឲ្យ ហើយដែរ ដូចជាការជីកស្រះទឹក និងរថយន្តដឹកទឹកចល័តជាដើម»

សូមបញ្ជាក់ថា នៅរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះវិហារ បានណែនាំឲ្យប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុក ក្រុងនានា រួមជាមួយអភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ ត្រូវចុះពិនិត្យមើលតាមភូមិ ឃុំនៅក្នុងស្រុករបស់ខ្លួន ដើម្បីត្រៀមលក្ខណៈរកប្រភពទឹកជូនប្រជាពលរដ្ឋ មុនពេលគាត់មិនទាន់ជួបបញ្ហាប្រឈមនិងការខ្វះទឹក។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យថា ស្រះទឹកនេះជាអំណោយដ៏ថ្លៃថ្លារបស់អភិបាលខេត្តព្រះវិហារ សម្រាប់ផ្តល់ផលប្រយោជន៍ ជាសាធារណៈជូនប្រជាពលរដ្ឋរស់នៅ ក្នុងឃុំសង្កែពីរ ស្រុកឆែប ប្រើប្រាស់ ពិសេសគឺប្រជាពលរដ្ឋភូមិសំបូរ និងភូមិជោគជ័យ។ លោកបន្តថា ស្រះទឹកនេះមានទំហ៊ំ៣៦ម៉ែត្រ គុណ៣៩ម៉ែត្រ ស្ថិតនៅលើផ្ទៃដី៥០ម៉ែត្រ គុណ ៥០ម៉ែត្រ។

លោក សំ លាងទ្រី បានបញ្ជាក់ទៀតថា «នៅតំបន់នេះកាលពីមុន ក្រុមការងារបានជីកអណ្តូងខ្មោះមួយឲ្យប្រជាពលរដ្ឋប្រើប្រាស់ រហូតមកដល់ពេលនេះអណ្តូងនេះ មិនទាន់រីងទឹកនៅឡើយទេ»។ លោកបន្តទៀតថា ស្របពេលនេះ អភិបាលខេត្តផ្តល់ស្រះទឹកឲ្យមួយទៀតនោះ បើទោះបីជាមានគ្រោះរាំងស្ងួតនៅឆ្នាំនេះ ឬឆ្នាំក្រោយៗទៀត គឺលែងជាបញ្ហាហើយ។

លោកបន្តទៀតថា ការជីកស្រះទឹកនេះ គឺបានផ្តល់ផលប្រយោជន៍ច្រើនណាស់ ក្រៅពីយកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ គឺយើងអាចយកអាចម៍ដីទៅចាក់ ក្នុងវត្តទ្រីសុធារ៉ាម ថែមទៀតផង។ លោកបន្តថា ពេលស្រះទឹកនេះជីករួចរាល់ គឺយើងត្រូវធ្វើទំបន់ព័ទ្ធជុំវិញ ហើយពិសេសជាងនេះ គឺធ្វើម៉ូទ័របូមទឹក តទុយោមកផ្លូវ និងដាក់ក្បាលរ៉ូម៉ាណេដើម្បីស្រួល ប្រជាពលរដ្ឋយកទឹក ដោយមិនបាច់ចុះទៅយកទឹកនៅក្នុងស្រះឡើយ។

បើតាមលោក សំ លាងទ្រី ប្រជាពលរដ្ឋដែលនឹងទទួលផលប្រយោជន៍ពីស្រះទឹកខាងលើនេះ រួមមាន៖

*ចំនួនប្រជាពលរដ្ឋនៅក្នុង​ ឃុំ​សង្កែពីរ​សរុប​៣៨២គ្រួសារ​ (១៧១៧នាក់​ ស្រី​ចំនួន​៨៦០នាក់)​ ក្នុងនោះភូមិ​សំបូរ​មានចំនួន​១២៨គ្រួសារ​ (៥៩៤នាក់​ ស្រី​ចំនួន៣១៧នាក់), ភូមិ​ជោគជ័យ​
មានចំនួន១៥៨គ្រួសារ​ (៦៦៧នាក់​ ស្រី​ចំនួន៣២៨នាក់) សរុប២៨៦គ្រួសារ​ (១២៦១នាក់​ ស្រី​៦៤៥នាក់)។

តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖

*ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
*ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។
*ទី៣៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕