(ភ្នំពេញ)៖ ក្រុមហ៊ុន Manulife បានប្រគល់ពានរង្វាន់កិត្តិយសជូន ដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ខ្លួន ដែលបានខិតខំបំពេញការងារ និងចូលរួមចំណែកឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនឡើងៗ។ ពាន់រង្វាន់នេះជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់បុគ្គលិករបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងការងារកន្លងមក។

ក្នុងនោះផងដែរ ទីប្រឹក្សាឆ្នើមចំនួន៣៧រូប នៃក្រុមហ៊ុនបានជាប់ជាសមាជិកនៃ Million Dollar Round Table ជាសមាគមកំពូលលំដាប់ពិភពលោក សម្រាប់បុគ្គលិកឆ្នើមក្នុងវិស័យហិរញ្ញវត្ថុ។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន Manulife ឲ្យដឹងថា «ខ្ញុំពិតជាមានមោទនភាពណាស់ដែលមាន បុគ្គលិកឆ្នើមជនជាតិខ្មែរជាច្រើនរូប ចូលរួមជាមួយក្រុមការងារលំដាប់ពិភពលោក របស់យើងក៏ដូចជាចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍អាជីវកម្មក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនេះផងដែរ»

លោកបន្ដថា ជាលទ្ធផលនៃការប្តេជ្ញាចិត្តចំណង់ចំណូលចិត្ត និងកិច្ចខំប្រឹងប្រែងរបស់ពួកគេ ក្នុងរយៈពេលជាង៦ឆ្នាំកន្លងមកនេះក្រុមហ៊ុន Manulife បានការពារអនាគតហិរញ្ញវត្ថុប្រជាជនកម្ពុជាចំនួនជាង៨១,០០០នាក់ នៅទូទាំងប្រទេសជាមួយទឹកប្រាក់ធានាសរុបជាង១,៨០០លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៨»។

លោកបន្ថែមថា ក្រុមហ៊ុនប្តេជ្ញាចិត្តក្នុងការកសាងអនាគតហិរញ្ញវត្ថុឱ្យកាន់តែប្រសើរជូន ដល់ប្រជាជនកម្ពុជាហើយជាផ្នែកមួយនៃចក្ខុវិស័យនេះ យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍសមត្ថភាព និងវិជ្ជាជីវៈរបស់ទីប្រឹក្សាធានារ៉ាប់រង។

សូមបញ្ជាក់ថា ក្រៅពីការទទួលបានការលើកទឹកចិត្ត ក្នុងការបំពេញការងារ ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតឆ្នើមរបស់ក្រុមហ៊ុន Manulife ជាច្រើនក៏ទទួលបាន ឱកាសធ្វើដំណើរទៅកាន់ប្រទេសនានាជាច្រើនផងដែរ។ ជាក់ស្ដែងទីប្រឹក្សាឆ្នើមចំនួន១២០រូប ទើបតែត្រលប់មកពីដំណើរកម្សាន្តទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមនៅដើមខែកុម្ភៈនេះ៕