(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ពេញមួយឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ កើនឡើងជិត១១% និងបាននាំប្រាក់ចំណូលប្រមាណ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រីថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកថ្លែងយ៉ាងដូច្នេះថា «នៅឆ្នាំ២០១៨ កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រា១0.៧% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ»

លោកបន្តថា នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ នៅឆ្នាំ២០២០ នឹងទទួលបានប្រមាណជាង៧លាននាក់ និងនាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៥លាននាក់ នាំមកនូវចំណូលប្រមាណ១០ពាន់លានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត២លាននាក់។

ជាយុទ្ធសាស្ត្រដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ គឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត និងបៃតង (Smart, Clean & Green)៕