(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឱ្យមានការជ្រួលច្របល់ ឬតក់ស្លុតជាមួយជំងឺឆ្កែឆ្កួត រហូតដល់នាំគ្នាសម្រុកទៅចាក់វាក់សាំងនៅវិទ្យាស្ថានប៉ាស្ទ័រ បណ្តាលឱ្យរំខានដល់អ្នកដែលត្រូវទទួលវ៉ាក់សាំងពិតប្រាកដ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពេលសម្តេចថ្លែងសុន្ទរកថា នៅពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅនៅសណ្ឋាសុខាភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «រយៈពេលប៉ុន្មានថ្ងៃនេះ មានការជ្រួលច្របល់ និងតក់ស្លុតសម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលផ្អើលតាមគ្នាទាក់ទងជាមួយនឹងការស្លាប់ ដោយសារឆ្កែខាំ។ រឿងនេះខ្ញុំសូមយកឱកាសនេះ អំពាវនាវទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមកុំឱ្យមានការតក់ស្លុត និងភ័យខ្លាច រហូតដល់វិទ្យាស្ថានប៉ាស្ទ័រ និងកន្លែងនានា មានមនុស្សទៅកកកុញ ដើម្បីទទួលយកសេវាវ៉ាក់សាំង ដែលមិនមែនជាសេចក្តីត្រូវការរបស់ខ្លួន»។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋខ្មែរមកពីមូលដ្ឋាននានា បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង នៅវិទ្យាស្ថានប៉ាស្ទ័រ ដោយសារតែមានការភ័យខ្លាចជំងឺឆ្កែឆ្កួត ក្រោយពេលមានមនុស្ស២នាក់ហើយ បានស្លាប់ជាបន្ដបន្ទាប់ ដោយសារតែឆ្កែ និងឆ្មារខាំ ដោយសារតែពួកគាត់មិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺមួយនេះពីមុនមក។ ការសម្រុកទៅចាក់វ៉ាក់សាំងការពារ មានចំនួនកាន់តែច្រើនទៅ រហូតដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចេញសេចក្តីប្រកាស អំពីការសូមអភ័យទោសដល់ប្រជាពលរដ្ឋដែលត្រូវរង់ចាំយូរក្នុងការជួបជាមួយក្រុមគ្រូពេទ្យ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វិធីដែលការពារល្អជាងគេពីជំងឺឆ្កែឆ្កួតនេះ គឺការប្រុងប្រយ័ត្ន កុំឱ្យឆ្កែឆ្កួត ឬឆ្មាំ ដោយប្រជាពលរដ្ឋ មិនត្រូវកុំទៅប្រលែងលេងជាមួយនឹងសត្វឆ្កែ ឬសត្វមានពិស។ ប៉ុន្តែក្នុងករណីចៀសមិនផុត ដែលជួនកាលត្រូវឆ្កែកូន ឬឆ្កែឆ្កួត ខាំនោះ ទើបត្រូវទៅរកវ៉ាក់សាំងការពារ។
ទន្ទឹមនឹងការលើកឡើងបែបនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងសុខាភិបាល ផ្តល់សេវាកម្មផ្នែកវាក់សាំងជំងឺឆ្កែឆ្កួតនេះ ទៅដល់មន្ទីរពេទ្យតាមបណ្តាខេត្ត និង គ្លីនិកឯកជនមួយចំនួន ដើម្បីធ្វើយ៉ាងណាសម្រួលដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង៕