(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសថា រាជធានីភ្នំពេញទទួលបានជ័យលាភីលេខ១ ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេបំផុត ខណៈខេត្តសៀមរាប ទទួលបានជ័យលាភីលេខ២ ហើយខេត្តកែប ទទួលបានជ័យលាភីលេខ៣។
ការប្រកាសជ័យលាភីទីក្រុងដែលបានរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេបំផុត (Best Countdown City of the Year) នេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់ «សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» លើកទី៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ - Best Countdown City of the Year» លើកទី១ ដោយមានបេក្ខភាពទាំង២៥រាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែង។
ការផ្ដល់ពិន្ទុនៃការប្រកួតនេះទៀតសោធ គឺត្រូវបានធ្វើឡើងដោយភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ដែលបានចូលរួមបោះឆ្នោតតាមប្រព័ន្ធ Online គាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត ក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំសកល។ ជាលទ្ធផល រាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ២ និងខេត្តកែប ទទួលបានជ័យលាភីលេខ៣៕