(ចិន)៖ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាកាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ដំណើរទស្សនកិច្ចផ្លូវការ នៃគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំរវាងកងទ័ពប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ចិន។
ថ្លែងក្នុងជំនួបននោះ នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានទទួលស្វាគមន៍ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ នាយឧត្តមសេនីយ៍ ចាត់ទុកថា ប្រទេសកម្ពុជា និងប្រទេសចិន ជាបងប្អូនដែលមានមិត្តភាពជាដែកថែប។
មេបញ្ជាកាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន សង្ឃឹមថាប្រទេសទាំងពីរចិន-កម្ពុជា នឹងបន្តពង្រឹង ពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ក្រោមយុទ្ធសាស្រ្តចង្អុលទិសរបស់ ប្រធានាធិបតី ស៊ី ជីនពីង និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ លោកឧត្តមសេនីយ៍ឯក បានបន្តថា កិច្ចពិភាក្សានេះ គឺជាការរក្សាការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រ និងសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាអនុវត្តកិច្ចប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។
សូមជម្រាបថា នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅ ក្នុងសាធារណរដ្ឋប្រជាមានិតចិននាឱកាសនោះ ភាគីកម្ពុជា នឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងទ័ពរំដោះប្រជាជនចិនរួមមាន៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន, អនុប្រធានគណៈកម្មការយោធាមជ្ឈឹម នៃកងទ័ពរំដោះប្រជាជនចិន, មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនរូបទៀត៕