(ភ្នំពេញ)៖ លោក ង្វៀន ហ្វូ៊ជុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោយពេលបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។
លោក ង្វៀន ហ្វូ៊ជុង បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋវៀតណាមនៅថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ។ អំឡុងពេលមកដល់កម្ពុជា លោកបានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។ លោកក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, ជួបសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក ង្វៀន ហ្វូ៊ជុង ដែលជាបុគ្គលមានអំណាចលើសគេនៅប្រទេសវៀតណាម បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីអតីតរដ្ឋវៀតណាម លោក ត្រាន ដៃក្វាង បានទទួលមរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅអាយុ៦១ឆ្នាំ។
អំឡុងពេលបំពេញទស្សនកិច្ចនេះ កម្ពុជា- វៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន៥ ក្នុងនោះរួមមាន៖
១៖ ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក។
២៖ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក ។ ពិធីសារទាំងពីរចុះហត្ថលេខាដោយលោក ង្វៀន វ៉ាន់ថេរ (Nguyen Van The) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និង លោក តូច ចាន់កុសលរដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា
៣៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ២៥លានដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អាគាររដ្ឋបាលរបស់រដ្ឋសភា។ ចុះហត្ថលេខាដយលោក ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា។
៤៖ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០។ ចុះហត្ថលេខាដោយលោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
៥៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។ ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម និង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕