(ភ្នំពេញ)៖ ក្នុងនាមជាអ្នក កឹម សុខា និយមម្នាក់ ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវទង្វើរបស់លោក សម រង្ស៊ី ដែលជាទង្វើអសីលធម៌ បញ្ឈឺចិត្ត និងក្បត់យ៉ាងគឃ្លើនចំពោះលោក កឹម សុខា។
នៅលើបបូរមាត់របស់គាត់ សម រង្ស៊ី តែងទន្ទិញរត់មាត់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ ប៉ុន្តែអ្វីដែលបង្កប់ក្នុងពាក្យនេះគឺលោក សម រង្ស៊ី គ្រាន់តែចង់ទាញយកប្រជាប្រិយភាពពីលោក កឹម សុខា ដើម្បីមកប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពីព្រោះលោក សម រង្ស៊ី ដឹងខ្លួនថា រូបគាត់បើគ្មានលោក កឹម សុខា ប្រៀបបាននឹងគុលអុសដែលគេបោះចោលគ្មានតម្លៃអ្វីទាំងអស់។
អ្វីដែលគួរឲ្យឈឺចាប់បំផុតនោះគឺលោក សម រង្ស៊ី បានធ្វើអំពើមិនគួរគប្បីចំពោះលោក កឹម សុខា ទាល់តែសោះ។ ការយកសេរីភាពរបស់លោក កឹម សុខា ទៅភ្នាល់ជាល្បែងជារឿងដ៏អសីលធម៌បំផុតមួយទៅហើយ ឥឡូវនេះលោក សម រង្ស៊ី បានបង្ហាញនូវសកម្មភាពក្បត់ជាចំហរដោយឥតអៀនខ្មាស់។ នៅពេលលោក កឹម សុខា កំពុងជាប់ឃុំឃាំង លោក សម រង្ស៊ី បែរទៅជិះស្គីយ៉ាងសប្បាយនៅស្រុកបារាំង ហើយបង្ហោះហ្វេសប៊ុកបញ្ឈឺចិត្តលោក កឹម សុខា និងអ្នក កឹម សុខា និយមទៀត។ នៅពេលលោក កឹម សុខា ខិតខំលះបង់អ្វីៗគ្រប់យ៉ាងដើម្បី បក្សរួមទាំងការលះបង់សេរីភាពផ្ទាល់ខ្លួនផង លោក សម រង្ស៊ី បែរជាឌឺឲ្យលោក កឹម សុខា ថា ជាប់គុកដូចលោក កឹម សុខា ឥតប្រយោជន៍ មិនអាចជួយអ្វីបានទាល់តែសោះ?
គ្រាដែលលោក កឹម សុខា និងក្រុមគ្រួសារ ក៏ដូចជាអ្នក កឹម សុខានិយម កំពុងតែក្រៀមក្រំ ហើយបន់ស្រន់ឲ្យលោក កឹម សុខា មានសេរីភាពលោក សម រង្ស៊ី បែរជាទៅរាំរែកយ៉ាងសប្បាយ រីករាយដោយគ្មានខ្វល់ខ្វាយអ្វីទាំងអស់។
ដោយឃើញអំពើទាំងឡាយរបស់លោក សម រង្ស៊ី បានធ្វើឲ្យខ្ញុំនឹកឃើញសម្តីរបស់លោក កឹម សុខា ដែលបានប្រាប់ក្រុមសកម្មជនរបស់ខ្លួនកាលពីនៅជាមួយគណបក្សសិទ្ធិមនុស្សថា «សូមអ្នក ទាំងអស់គ្នាចាំទុកថា មនុស្សដូចលោក សម រង្ស៊ី មិនអាចយកធ្វើជាមិត្តបានឡើយ ពីព្រោះមនុស្សនេះមិនចេះខ្វល់ពីអ្នកណាក្រៅពីខ្លួនឯងឡើយ»។ ទោះជាយ៉ាងណាខ្ញុំខំព្យាយាមដាក់ចិត្តដាក់ កាយជឿលើសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា មួយរយៈកន្លងមក ទោះបីជាពេលខ្លះ អ្នក កឹម សុខានិយមជាច្រើនបាននាំគ្នារិះគន់លោក សម រង្ស៊ី ពីក្រោយខ្នងយ៉ាងណាក៏ដោយ។
ប៉ុន្តែពេលនេះខ្ញុំពិតជាអស់ក្តីអត់ធ្មត់ទៀតហើយ ពីព្រោះតែបានឃើញផ្ទាល់នឹងភ្នែកនូវទង្វើអសីលធម៌ និងអំពើក្បត់យ៉ាងគឃ្លើនរបស់លោក សម រង្ស៊ី។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវឲ្យក្រុម កឹម សុខានិយមទាំងឡាយ ឈប់ខាំមាត់សង្កត់ចិត្ត ឈប់គ្រាំទ្រូងព្រោះតែខ្លាច បែកបាក់តទៅទៀតទៅ ពីព្រោះទោះទ្រាំដល់ស្ទះដង្ហើមស្លាប់ក៏មនុស្សដូច សម រង្ស៊ី នេះមិនកែប្រែចរិតដែរ។
តើយើងទាំងអស់គ្នាអត់ទ្រាំដើម្បីអ្វី? ដើម្បីមើលទង្វើអសីលធម៌ និងអំពើក្បត់យ៉ាងគឃ្លើនរបស់លោក សម រង្ស៊ី ឬក៏យើងត្រូវធ្វើអ្វីម្យ៉ាងដើម្បីផលប្រយោជន៍របស់យើង? សម្រាប់ខ្ញុំភាពអត់ធ្មត់ចំពោះ ទង្វើរបស់លោក សម រង្ស៊ី និងបក្សពួកគាត់ដែលបានប្រមាថ មាក់ងាយមកលើលោក កឹម សុខា និងមកលើពួកយើងគឺឆ្លងផុតបន្ទាត់ក្រហមហើយ។ ដូច្នេះខ្ញុំសូមក្រុមអ្នក កឹម សុខា និយម ទាំងអស់ចេញមុខមកតស៊ូដើម្បីបុព្វហេតុរបស់យើងដូចដែល យើងធ្លាប់បានធ្វើកាលពីនៅគណបក្សសិទ្ធិមនុស្ស។ យើងមិនអាចទ្រាំតែម្ខាងដោយមើល ឃើញដៃគូម្ខាងទៀតបង្ហាញភាពគឃ្លើន រស់នៅយ៉ាងស្រណុក សុខសប្បាយ ដោយគ្មានខ្វល់ពីអ្នកណាទាំងអស់ដូច្នេះទៀតឡើយ។
ខ្ញុំដឹងថា អ្នក កឹម សុខានិយមទាំងអស់មានផែនការរៀបចំធ្វើអ្វីម្យ៉ាង ប៉ុន្តែម្នាក់ៗចេះតែទ្រាំអត់ធ្មត់ក្រោមហេតុផលថា កុំឲ្យបែកបាក់។ ប៉ុន្តែទោះជាយើងទ្រាំយ៉ាងណាការបែកបាក់វាមានស្រេច ទៅហើយ។ ម្យ៉ាងទៀត ភាគីម្ខាងទៀតគេមិនដែលខ្វល់ពីយើងទេ គឺពួកគេបែរជាធ្វើអាជីវកម្មគ្រប់បែបយ៉ាងពីសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា។ ពួកគេយកបញ្ហានេះមកបាំងមុខ ដើម្បីកេងចំណេញ ខណៈដែលពួកយើងរស់នៅដោយគ្រាំគ្រាក្រោមការប្រមាថគ្រប់បែបយ៉ាង ទាំងកាយ វាចាចិត្ត។ តើយើងទ្រាំដើម្បីអ្វីទៀត? ខ្ញុំសង្ឃឹមថា សារនេះនឹងក្លាយជាសារដាស់ស្មារតីក្រុមអ្នក កឹម សុខា និយមទាំងអស់ឲ្យចេញមុខទម្លាយរបាំងនៃការខ្លាចបែកបាក់នេះដើម្បីបន្តដំណើររបស់យើងតទៅទៀត។
ខ្ញុំសង្ឃឹមថា បងប្អូនអ្នកធ្លាប់គាំទ្រយើងនឹងនៅតែបន្តគាំទ្រយើងជាបន្តទៀត ដោយមិនត្រូវសម្ងំធ្វើជាឈ្នាន់ឲ្យក្រុមលោក សម រង្ស៊ី ជាន់លើខ្នងពួកយើងយ៉ាងគឃ្លើនតទៅទៀតឡើយ៕
ពី៖ សកម្មជន កឹម សុខា និយមម្នាក់