(ភ្នំពេញ)៖ លោក YUKI Fumihiko អនុរដ្ឋមន្ត្រីនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន បានប្រាប់វិនិយោគិនរបស់ខ្លួនថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានអាត្រាកំណើន សេដ្ឋកិច្ចខ្ពស់ជាងគេបំផុត នៅក្នុងប្រទេសនៃបណ្តាតំបន់អាស៊ាន ហើយថ្លែងទៀតថា ប្រទេសកម្ពុជា មានសក្តានុពលខ្លាំងណាស់។
លោកអនុរដ្ឋមន្ត្រីនៃក្រសួងដីធ្លីជប៉ុន បានថ្លែងបែបនេះ ក្នុងវេទិកាសាធារណៈ-ឯកជន ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» លើកទី១ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឲ្យក្រុមហ៊ុននានាមកពីប្រទេសជប៉ុន បានស្វែងយល់ពីឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ វេទិកានេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានក្រុមហ៊ុនជប៉ុនចំនួន៦០ (ក្រុមហ៊ុន៥៨ និងធនាគារ២) និងក្រុមហ៊ុនកម្ពុជាចំនួន១២៣បានចូលរួម។
លោក YUKI Fumihiko បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «បើនិយាយពីចំនួនប្រជាជន និង GDP វិញ មានបណ្តាប្រទេសមួយចំនួន ដែលមាន GDP ខ្ពស់ជាងប្រទេសកម្ពុជា ដោយឡែក បើយើងពិនិត្យមើល អាត្រាកំណើនវិញ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាមានអាត្រាកំណើនខ្ពស់ជាងគេបំផុត នៅក្នុងប្រទេសនៃបណ្តាតំបន់អាស៊ាន។ ហើយខ្ញុំគិតថា ប្រទេសកម្ពុជាជាប្រទេសមួយ ដែលមានសក្តានុពលខ្លាំង ក្នុងការអនុវត្តវិស័យសេដ្ឋកិច្ចរបស់ខ្លួន»។
អនុរដ្ឋមន្ត្រីនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុនរូបនេះ បានថ្លែងទៀតថា ខ្លួនបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការ (MoU) ជាមួយក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់កម្ពុជា ដើម្បីជួយរៀបចំទីក្រុងនានា ក្នុងប្រទេសកម្ពុជាឲ្យបានល្អប្រសើរ ក្នុងខណៈពេលដែលប្រទេសនេះ កំពុងអភិវឌ្ឍន៍ប្រទេសខ្លួន ដោយបញ្ចៀសមិនឲ្យមានបញ្ហា នាពេលអនាគត។
លោកបន្តថា ស្ថានភាពរបស់នគរូបនីយកម្មនៅកម្ពុជាពេលនេះ គឺប្រហាក់ប្រហែលទៅនឹងប្រទេសជប៉ុន ពេលចាប់ផ្តើមមានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលនៅពេលនោះជប៉ុនជួបប្រទះ នឹងបញ្ហាជាច្រើនដូចជា បញ្ហាលំនៅឋាន ការកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថានជាដើម។
លោក YUKI Fumihiko បានបន្ថែមថា គោលដៅធំរបស់ជប៉ុនក្នុងការជួយកម្ពុជា គឺការបង្កើតទីក្រុងឆ្លាតវៃ (Smart City) ដើម្បីធ្វើឲ្យការរស់នៅរបស់ប្រជាជនខ្មែរ កាន់តែមានភាពងាយស្រួល សន្សំសំចៃ និងផ្សារភ្ជាប់ជាមួយធម្មជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ (ICT និង AI) ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម ដែលកំពុងមាននាពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់បន្តយ៉ាងដូច្នេះថា៖ «គោលបំណងរបស់ភាគីជប៉ុន គឺធ្វើកិច្ចសហការជាមួយប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណា កុំឲ្យប្រទេសកម្ពុជា ជួបនឹងរឿងមិនល្អ ដូចប្រទេសជប៉ុន នៅពេលចាប់ផ្តើមរីកចម្រើនលើកដំបូង។... ទីក្រុងឆ្លាតវៃ នឹងនាំមនុស្សឲ្យឆ្ពោះទៅរកកន្លែងរស់នៅ ដែលមានភាពងាយស្រួល សម្បូរបែប និងមានផាសុកភាព»។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា បានថ្លែងជំរុញឲ្យវិនិយោគិនជប៉ុន ចាប់យកឱកាសវិនិយោគនៅកម្ពុជា ព្រោះរាជរដ្ឋាភិបាល បានសម្រួលចំណុចល្អៗយ៉ាងច្រើន ដើម្បីលើកស្ទួយការវិនិយោគ ពីវិនិយោគិនបរទេស ពោលធ្វើឲ្យវិនិយោគិនទាំងនោះ បានចំណេញច្រើនជាងមុន។
លោកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោល នយោបាយដ៏ត្រឹមត្រូវ ក្នុងការអភិវឌ្ឍវិស័យឯកជន និងទាក់ទាញការវិនិយោគ និងបានផ្តល់ការអនុគ្រោះយ៉ាងច្រើន ដល់វិនិយោគិនបរទេស ចំពោះសិទ្ធិលើអចលនទ្រព្យតាមច្បាប់កម្ពុជាផងដែរ។
លោកបន្តថា៖ «រាជរដ្ឋាភិបាលបានរៀបចំ ការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ជូនវិនិយោគិន ដើម្បីទទួលផលប្រយោជន៍កាន់តែច្រើន ជាអាទិ៍ ការកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ការអនុញ្ញាតឱ្យវិនិយោគិន ក្រៅប្រទេសទាំងអស់ មានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់ខ្លួន១០០% ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុកចូលរួម និងការមិនកំណត់ប្រាក់ចំណេញ ពីការវិនិយោគដែលអាចយកចេញ ទៅក្រៅប្រទេសជាដើម»។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្ថែមថា កម្ពុជាទទួលបានចំណាត់ថ្នាក់ ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនខ្ពស់ តាមរយៈការរីកចម្រើន នៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ជាក់ស្តែងនៅឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មាន៧.៥% ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ បានកើនដល់១,៥៦៣ដុល្លារ អត្រាភាពក្រីក្រក៏បានធ្លាក់ចុះមក នៅត្រឹមរង្វង់៩% ទេសចរអន្តរជាតិ មាន៦,២លាននាក់ រួមចំណែកប្រមាណ១២.៧% នៃផលិតផលក្នុងស្រុកសរុប។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្តូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែក ជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម។
បច្ចុប្បន្ន កម្ពុជាមានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធសរុបចំនួន ១២,០០០ មានកម្មករនយោជិតសរុប ១លាន៥សែននាក់ និងសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុប ៦សែន មានកម្មករជាង ២លាន៤សែននាក់។ ផ្លូវ ស្ពាន បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន រោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារខ្ពស់ ក៏បាននិងកំពុងរីកដុះដាលពាសពេញផ្ទៃប្រទេស និងបានផ្តល់ការងារ ជូនប្រជាជនរាប់លាននាក់។
លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា៖ «ការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ពិតជាមានការចូលរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាល ប្រជាជន និងវិនិយោគិនជប៉ុន។ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្តល់សមិទ្ធផលជាច្រើនមានដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធការពារទឹកជំនន់ ការងារកម្ចាត់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការអភិរក្សប្រាសាទបូរាណនិងបេតិកភណ្ឌ ក៏ដូចជាការបណ្តុះបណ្តាលដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា»។
បើតាមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅឆ្នាំ២០១៨ ទេសចរជប៉ុនមានជាង ២១ម៉ឺននាក់ កើនឡើង៣.៥% ធៀបនឹងឆ្នាំ២០១៧ ឈរនៅលំដាប់លេខ៧ ក្នុងចំណោមទេសចរអន្តរជាតិ។ ក្រុមហ៊ុនធំៗរបស់ជប៉ុន កំពុងបោះទុនវិនិយោគ ស្ទើរគ្រប់វិស័យនៅកម្ពុជា ដូចជាវិស័យអេឡិកត្រូនិក វាយនភ័ណ្ឌ កសិកម្ម សំណង់ ផ្សារទំនើប ភោជនីយដ្ឋាន សណ្ឋាគារ ទេសចរណ៍ ជាដើម។ ជាងនេះទៀត ក្រុមហ៊ុនជប៉ុនប្រមាណ ៨៦ក្រុមហ៊ុន ប្រើប្រាស់កម្មករប្រមាណជាង ២ម៉ឺននាក់ ទុនវិនិយោគជាង ៤២៥លានដុល្លារ កំពុងប្រតិបត្តិការ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេសនានា៕