(ភ្នំពេញ)៖ នាយការិយាល័យប្រឆំាងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា នៅរាជធានីភ្នំពេញមានក្លិបកំសាន្ត បារបរទេស ខារ៉ាអូខេ និងកន្លែងកំសាន្ត មានសរុបប្រមាណ១៥០០កន្លែង ប៉ុន្តែនៅទីតាំងទាំងនោះមន្រ្តីនគរបាល និងអាជ្ញាធរបានរួមសហការគ្នាចុះទៅធ្វើកិច្ចសន្យាពាក់ព័ន្ធបញ្ហាគ្រឿងញៀនបានជិត១៣០០កន្លែង។
របាយការណ៍ខាងលើនេះ បានរំលេចឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ ដែលបានប្រព្រឹត្តធ្វើឡើងពេញ១ថ្ងៃ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីស្នងការរង នាយ នាយរងការិយាល័យ អធិការ-អធិការរង នាយ-នាយរងប៉ុសិ៍តរដ្ឋបាលសរុប២៥០នាក់។
លោក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆំាងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅតាមក្លិបកំសាន្ត បារបរទេស ខារ៉ាអូខេ និងទីតាំងកំសាន្តផ្សេងទៀត ជាកន្លែងងាយរងគ្រោះខ្លាំងពាក់ព័ន្ធបញ្ហា គ្រឿងញៀន ដូច្នេះហើយទើបការិយាល័យជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វើកិច្ចសន្យា ឲ្យម្ចាស់ទីតាំងទាំងនោះរួមសហការជាមួយសមត្ថកិច្ចដើម្បីទប់ស្កាត់គ្រឿងញៀន។
លោកបានបន្តទៀតថា សម្រាប់ទីតាំងទាំងនេះស្ថិតក្រោមការសង្ស័យ នៃការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលតម្រូវឲ្យមានវិធានការក្នុងការចុះស៊ើបអង្កេតស្រាវជ្រាវបន្តទៀត ដោយយើងមិនមានភស្តុតាងណាមួយអាចបញ្ជាក់ថាទីតាំងទាំងនោះ មានការពាក់ព័ន្ធគ្រឿងញៀននោះទេ គឺត្រូវរង់ចាំការស្រាវជ្រាវតាមនីតិវិធីបន្តទៀត។
លោក អ៊ីវ ភារិទ្ធ បានបន្តទៀតថា សកម្មភាពដែលភាគច្រើនមានការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនភាគច្រើនកើតឡើងនៅតាមសំណង់មិនរៀបរយដូចជា៖ តំបន់បឹងឈូក, នៅបឹងកក់ សង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ តែក៏មិនជាការលក់ដូរធំដុំនោះទេ ភាគច្រើនប្រើប្រាស់លើកុមារតូចៗ ក្មេងតូចៗ ដែលមិនគ្រប់អាយុ ហើយមនុស្សទើបចេញពីពន្ធនាគារ បានធ្វើសកម្មភាពនៅតំបន់មិនរៀបរយនេះផងដែរ៕