(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នទាំងអស់ ត្រូវពិនិត្យបញ្ហាបក្ខពួកនិយម នៅតាមអង្គភាពចំណុះរបស់ខ្លួន និងត្រូវជ្រើសរើសមន្រ្តីរាជការ ដោយផ្អែកលើស្នាដៃ និងសមត្ថភាពពិតប្រាកដ។ នេះបើតាមលោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់, លោក ឈឹម ផលវរុណ បានថ្លែងយ៉ាងដូច្នេះថា៖ «អញ្ចឹងជាអនុសាសន៍មួយ (របស់សម្តេចតេជោ) ឱ្យក្រសួងមហាផ្ទៃ ពិនិត្យក៏ដូចជាក្រសួងនានា ពិនិត្យអំពីភាពបក្ខពួកនិយម ឱ្យផ្អែកលើកត្តាអន្តនោម័ត និងកត្តាសត្យានុម័ត ហើយជាពិសេសទៅទៀតឱ្យពិនិត្យលើការជ្រើសរើសមន្ត្រីរាជការ ដោយផ្អែកទៅលើលិខិតបទដ្ឋាន អ្នកមានស្នាដៃ»។
បើតាមលោក ឈឹម ផលវរុណ បានបន្តថា ចំពោះបញ្ហានេះសម្តេចតេជោ ហ៊ុន សែន តែងតែបានលើកនូវភស្តុតាងជាក់ស្តែងដែលធ្លាប់កើតមាន រួចមកហើយនៅនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីលើកមុនៗ ដោយមានប្រសាសន៍ហាមដាច់ខាតមិនឱ្យយកក្រុមគ្រួសារ ឬបក្ខពួករបស់ខ្លួន ដែលគ្មានសមត្ថភាពចូលមកបម្រើការនៅក្នុងស្ថាប័ន ដោយមិនឆ្លងកាត់ការប្រឡងនោះទេ។
ជាមួយគ្នានេះដែរលោក ឈឹម ផលវរុណ ក៏បានលើកឡើងថា មានថ្នាក់ដឹកនាំមួយបានធ្វើលិខិតស្នើសុំ ដើម្បីបញ្ចូលបងប្អូនខ្លួនចូលបម្រើការងារនៅក្នុងស្ថាប័ន ប៉ុន្តែត្រូវបានចារបដិសេធវិញ ដោយឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនថា សម្តេចទើបតែណែនាំហើយថ្មីៗនេះ។ ដូច្នេះមិនអាចធ្វើផ្ទុយទៅលើការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននោះទេ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ បញ្ជាទៅក្រសួងមហាផ្ទៃ តាមរយៈវត្តមានឯកឧត្តម សក់ សេដ្ឋា ពាំនាំកិច្ចការនេះជូនសម្តេចក្រឡាហោម ស ខេង ដើម្បីពិនិត្យជាក់ស្តែង តែដោយឈរលើភាពយុត្តិធម៌មួយ ផ្អែកទៅលើកត្តាអត្តនោម័តផង និងផ្អែកលើកត្តាសត្យានុម័តផង កុំឱ្យផ្តោតតែមួយជ្រុង»។
លោក ឈឹម ផលវរុណ បានបន្ថែមទៀតថា ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន លោកមិនគាំទ្រទេ សម្រាប់ថ្នាក់ដឹកនាំស្ថាប័នណាមួយ នៅក្នុងប្រទេសកម្ពុជា យកបងប្អូន និងបក្ខពួក គ្រួសារនិយមរបស់ខ្លួនចូលបម្រើការងារ នៅក្នុងអង្គភាពណាមួយ ដែលធ្វើឱ្យបាត់បង់នូវជោគវាសនាស្មើៗ គ្នារបស់យុវជនជំនាន់ក្រោយ។ ដូច្នេះយើងឃើញថា ជាចំណាត់ការមួយប្រកបដោយប្រសិទ្ធភាព ដែលកាន់តែរម្លឹកឱ្យកាន់តែខ្លាំងថែមទៀតការជ្រើសរើសមន្ត្រីរាជការ ដោយផ្អែកលើនីតិវិធីត្រឹមត្រូវ៕