(ភ្នំពេញ)៖ កាំភ្លើងធុនស្រាលដែលខូចគុណភាព សរុប១១,៩១៥ដើម ដែលរក្សាទុកក្នុងឃ្លាំងរបស់អគ្គស្នងការដ្ឋានគរបាលជាតិ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) យកទៅបន្សាប និងកម្ទេចចោល តាមបែបបទបច្ចេកទេស។

ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សេក ភូមី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់។

លោកឧត្តមសេនីយ៍ឯក ធាម ប៊ុនសេង ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានលើកឡើងអំពីប្រវត្តិនៃកិច្ចដំណើរការប្រមែប្រមូល និងដកហូតអាវុធ ហើយនិងបានប្រារព្ធពិធីបំផ្លាញអាវុធជាផ្លូវការរបស់កម្ពុជា ចំនួន៥៤លើក សរុបអាវុធជិត២២ម៉ឺនដើម។​

លើសពីនេះ លោកឧត្តមសេនីយ៍ឯក សេក ភូមី ក៏បានគូសបញ្ជាក់ថា ពិធីដែលធ្វើនៅថ្ងៃនេះ ជាចំណែកមួយនៃការអនុវត្តតាមអនុស្សារណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។

ក្នុងនាម​អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ សេក ភូមី បាន​ថ្លែងអំណរគុណចំពោះ ​អគ្គនាយ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តតាមកិច្ច​សន្យា​ទទួលយកសំណើ ​ក្នុងការកម្ទេចចោលអាវុធខូចគុណភាព របស់អគ្គស្នងការដ្ឋាននគរ​បាលជាតិ ហើយសង្ឃឹមថាភាគី​ទាំង២ នឹងបន្តអនុវត្តឲ្យបានកាន់តែសម្រេចច្រើនបន្ថែម​​ទៀត តាមស្មារតីអនុស្សារណៈយោគយល់។

ពិសេសពេលខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស៊ីម៉ាក់ នឹងអាច​រៀបចំនូវការប្រគល់-ទទួលអាវុធយុទ្ធភ័ណ្ឌខូចគុណភាពមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុង​តែស្តុកទុកនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ប្រគល់ឲ្យអង្គភាព CMAC តាមតំបន់យកទៅកម្ទេចចោល តាមបែបបច្ចេកទេស តាមពេលវេលាសមស្របណាមួយ។

ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៏បានឲ្យដឹងថា ផ្អែកតាមស្មារតីអនុស្សរណៈយោគយល់គ្នារវាងអង្គភាពស៊ីម៉ាក់ និងអគ្គស្នងការនគរបាលជាតិ ស្ថាប័នទាំងពីរ នឹងបន្តរួមសហការគ្នាកាន់តែស្អិតរមួត ក្នុងប្រតិបត្តិការកាត់បន្ថយគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមសហគមន៍ផ្តល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសដើម្បីបន្តពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិ នូវជំនាញកម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD) ដែលជាកម្លាំងស្នូលក្នុងការឆ្លើយតបទៅនឹងសំណើលើករណី EOD នៅតាមមូលដ្ឋាន។

អគ្គនាយកស៊ីម៉ាក់រូបនេះ ក៏បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ រវាងអគ្គស្នងការនគរបាលជាតិ និងមន្ត្រីនគរបាល​ជាតិថ្នាក់មូលដ្ឋាន ជាមួយមន្ត្រីស៊ីម៉ាក់ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តពង្រឹងពង្រីកការសហការគ្នា ឲ្យកាន់តែល្អប្រសើរទ្វេ​ឡើងថែមទៀត ដើម្បីគាំទ្រនូវការកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិ​ផ្ទុះពីសង្គ្រាម និងការអភិវឌ្ឍ​មាតុភូមិកម្ពុជាជានិច្ចនិរន្ត។

តាងនាមមន្ត្រី និងបុគ្គលិកអង្គភាពស៊ីម៉ាក់ទាំងមូល សូមបន្តខិតខំរួមគ្នាជាមួយកង​កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកងកម្លាំងនគរបាលជាតិ ដើម្បីរួមគ្នាកាត់បន្ថយ និងលុបបំបាត់កាក​សំណល់ជាតិផ្ទុះពីសង្គ្រាម មិនត្រឹមតែគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះទេ តែថែមទាំងអាវុធធ្ងន់ស្រាល
សល់ពីសង្គ្រាមខូចគុណភាព ដើម្បីធានាបានសុខសុវត្ថិភាពកាន់តែប្រសើរ សម្រាប់ប្រជាជន និងសង្គមកម្ពុជា។

លោកក៏បានគូសរំលេចផងដែរថា ​គិតមកដល់ដើមឆ្នាំ២០១៩នេះ អង្គភាពសីម៉ាក់ មានបណ្តាញមិនស្ម័គ្រចិត្តសរុប​៣,០០៨នាក់ ដែលក្នុងនោះ បានសហការប្រើប្រាស់មន្ត្រីនគរបាលជាតិ ចំ​នួន៣៣០នាក់ អាជ្ញាធរមូលដ្ឋានចំនួន១,៧០៦នាក់ និងមន្ត្រីស៊ីម៉ាក់ចំនួន​៩៧២នាក់ ដែលកំពុងចូលរួមការងារអប់រំ យល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីននៅតាមភូមិចំនួន១,៣១២ភូមិ៕​