(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជំរឿនទូទៅ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងសារអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមគាំទ្រនិងចូលរួម ការធ្វើជំរឿនប្រជាជនទូទៅ នាឆ្នាំ២០១៩នេះ ទាំងអស់គ្នា។
Facebook របស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការ ដ៏មានសារៈសំខាន់ ឲ្យបានគ្រប់ៗគ្នា ប្រកប ដោយក្ដីស្មោះស្ម័គ្រ ក្នុងការផ្ដល់ព័ត៌មាន តាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងសោះត្រង់ ជូនដល់មន្ត្រីជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូនជនរួមជាតិ និងដើម្បីអនាគតដ៏សម្បូរណ៍សប្បាយ នៃប្រទេសជាតិរបស់យើ»។
សម្តេចក្រឡាហោម បានឲ្យដឹងបន្តថា ជំរឿនទូទៅប្រជាជននៅទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នាពេលឆាប់ៗខាងមុខ។
នេះជាការធ្វើជំរឿន លើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើរៀងរាល់ ១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រ ជាក់លាក់ សម្រាប់ប្រើប្រាស់ រៀបចំតាក់តែងគោលនយោបាយឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់កម្ពុជា ២០១៦-២០៣០ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ៕