(ត្បូងឃ្មុំ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យមានការភ័យស្លន់ស្លោ ជាមួយរឿងជំងឺឆ្កែឆ្កួត និងប្រាប់ដល់អ្នកចិញ្ចឹមឆ្កែទាំងអស់ ឲ្យទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនេះ។
ការអំពាវនាវជាថ្មីម្ដងទៀត របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» មានតម្លៃជិត ៥០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ចិន នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំសូមថ្លែងសារជាថ្មីម្ដងទៀត ចំពោះប្រជាពលរដ្ឋមេត្ដាកុំស្លន់ស្លោ ជាមួយនឹងបញ្ហា ត្រូវស្វាត់ស្វែងរកវ៉ាក់សាំងចាក់ការពារឆ្កែឆ្កួត យើងមិនទាន់មានឆ្កែឆ្កួតខាំផង ទៅប្រញាប់ធ្វើអីចង្អៀតណែន នៅឯវិទ្យាស្ថានប៉ាស្ទ័រ កុំអាលអី វាងាយទេ ដូចដែលខាងសុខាភិបាលគេណែនាំ...បើចង់កុំឲ្យមានជំងឺឆ្កែឆ្កួត វាទាល់តែយើងកុំ ទៅប្រលែងលេងជាមួយឆ្កែ»។
ការអំពាវនាវជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងរឿងជំងឺឆ្កែឆ្កួតនេះ បន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរ មកពីមូលដ្ឋាននានា នៅតែបន្ដសម្រុកទៅចាក់វ៉ាក់សាំង នៅវិទ្យាស្ថានប៉ាស្ទ័រ ដោយសារតែមានការភ័យខ្លាចជំងឺឆ្កែឆ្កួត ក្រោយពីមានមនុស្សស្លាប់ ដោយសារតែឆ្កែ និងឆ្មារខាំ ដែលពួកគាត់មិនធ្លាប់បាន ចាក់វ៉ាក់សាំងបង្ការជំងឺមួយនេះពីមុនមក។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យគ្រូពេទ្យត្រូវយកចិត្ដទុកដាក់ នៅពេលដែលមានមានឆ្កែ ឆ្មា ឬក៏សត្វខាំប្រជាពលរដ្ឋ ត្រូវតែប្រញាប់រកវ៉ាកសាំង ចាក់ការពារឲ្យពួកគាត់ជាបន្ទាន់ ដោយមានការពិគ្រោះជាក់លាក់។
សម្ដេចតេជោ បានលើកឡើងទៀតថា «នៅក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏មានចលនាកើតឡើង បន្ទាប់ពីកុមារី នៅខេត្តកំពង់ចាមបានស្លាប់ ហើយបង្កើតនៅការភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋរបស់យើង ចំពោះបញ្ហដែលជំងឺ កើតចេញពីសត្វនេះ ប៉ុន្ដែអ្នកចិញ្ចឹមសត្វ ក៏ត្រូវតែប្រើប្រាស់វ៉ាក់សាំង ដើម្បីការពារសត្វនោះដែរ»។
សម្ដេតេជោ ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងផងដែរ អំពីវិធីដែលការពារល្អជាងគេ ពីជំងឺឆ្កែឆ្កួតនេះ គឺការប្រុងប្រយ័ត្ន កុំឲ្យឆ្កែឆ្កួត ឬឆ្មាំ ដោយប្រជាពលរដ្ឋ មិនត្រូវកុំទៅប្រលែងលេងជាមួយនឹងសត្វឆ្កែ ឬសត្វមានពិស។ ប៉ុន្តែក្នុងករណីចៀសមិនផុត ដែលជួនកាលត្រូវឆ្កែកូន ឬឆ្កែឆ្កួត ខាំនោះ ទើបត្រូវទៅរកវ៉ាក់សាំងការពារ។
ទន្ទឹមនឹងការលើកឡើងបែបនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងសុខាភិបាល ផ្តល់សេវាកម្មផ្នែកវាក់សាំងជំងឺឆ្កែឆ្កួតនេះ ទៅដល់មន្ទីរពេទ្យតាមបណ្តាខេត្ត និង គ្លីនិកឯកជនមួយចំនួន ដើម្បីធ្វើយ៉ាងណាសម្រួល ដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង៕