(ភ្នំពេញ)៖ អាជ្ញាធរអប្សារា បានហាមការបរិភោគអាហារ នៅក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ នៅតំបន់រមណីយដ្ឋានអង្គរ។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។
យោងតាមសេចក្តីជូនដំណឹង អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់គ្រប់ស្ថាប័នជាតិ-អន្តជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បងប្អូនអាជីវករ និងសាធារណជនទាំងអស់បានជ្រាបថា តំបន់រមណីយដ្ឋានអង្គរ គឺជារមណីយដ្ឋាននៃបេតិកភណ្ឌពិភពលោក ដែលមានប្រាង្គប្រាសាទដ៏ល្បីល្បាញជាច្រើន ជាពិសេសប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ដែលជាទីគោរពសក្ការៈដ៏ស័ក្តិសិទ្ធិ និងជាដួងព្រលឹងរបស់ជាតិខ្មែរទាំងមូល។
ក្នុងន័យនេះដើម្បីថែរក្សាការពារ នូវតម្លៃដ៏វិសេសវិសាលនៃមរតកដូនតាខ្មែ និងដើម្បីរក្សាបាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យក្នុងបរិវេណប្រាសាទ អាជ្ញាធរជាតិអប្សរា សូមធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ ហាមបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអាហារវេចខ្ចប់ក្នុងអំឡុង ពេលទស្សនាថ្ងៃរះ ឬថ្ងៃលិច
*ទី២៖ ភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវជួយណែនាំភ្ញៀវរបស់ខ្លួន កុំឱ្យបរិភោគអាហារវេចខ្ចប់ នៅក្នុងបរិវេណប្រាសាទ
*ទី៣៖ គ្រឹះស្ថានអង្គរសូមជួយណែនាំភ្ញៀវ និងហាមឃាត់មិនឱ្យមានការវេចខ្ចប់អាហារចូលទស្សនាប្រាសាទទាំង ក្នុងអំឡុងពេលទិញបណ្ណ និងពេលពិនិត្យបណ្ណចូលទស្សនាប្រាសាទ៕