(ភ្នំពេញ)៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ គឺជាទិវាវប្បធម៌ជាតិលើកទី២១។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook បានចូលរួមអបអរសាទរនូវទិវាដ៏មានសារៈសំខាន់សម្រាប់វប្បធម៌របស់ជាតិកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ។ សម្តេចតេជោបន្តថា ជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរមរតកវប្បធម៌ និងតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រារព្ធទិវាវប្បធម៌ជាតិ ជាការជំរុញ និងផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរម្លឹកបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាងស្នងឫស្សី»៕