(ភ្នំពេញ)៖ ក្នុងឱកាសប្រគល់ម៉ាស៊ីន Microscope ដល់មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត, លោក Alexander Partsch អ្នកគ្រប់គ្រងទីផ្សារទូទាំងពិភពលោករបស់ក្រុមហ៊ុន អាល្លឺម៉ង់ Carl Zeiss Meditec AG ZEISS Group Germany បានថ្លែងថា ក្រុមហ៊ុន អាល្លឺម៉ង់នឹងបន្ដជួយដល់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងអង្គការស្នាមញញឹមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។
លោកបន្ដថា ZEISS ជាក្រុមហ៊ុនមួយដ៏ធំនៅអាល្លឺម៉ង់ ដែលផលិតនូវឧបករណ៍បច្ចេកទេសជាច្រើនប្រភេទលេខមួយខ្នាតអន្ដរជាតិ ដូច្នេះយើងនឹងបន្ដជួយផ្នែកបច្ចេកទេសផ្សេងទៀត ទៅតាមគម្រោងរបស់សុខាភិបាលស្នើសុំ ដើម្បីចូលរួមជំរុញ ការខិតខំប្រឹងប្រែងរបស់សុខាភិបាល ឲ្យកាន់តែមានភាពល្អប្រសើរ។
ទន្ទឹមនឹងនោះ នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត លោកសាស្ដ្រាចារ្យ ងឺ ម៉េង បានថ្លែងថា បានថ្លែងអំណរគុណដល់ដៃគូសហប្រត្ដិបត្ដិការរបស់ Medecins du Monde Germany (MDM) ដែលមានក្រុមគ្រូពេទ្យអាល្លឺម៉ង់ ដែលមកធ្វើការវះកាត់ជូនប្រជាពលរដ្ឋយើង ដែលមានបញ្ហាការបាក់បែង កែលម្អ និងក្រុមហ៊ុន Carl Zeiss Meditec AG ZEISS Group Germany ដែលបានបរិច្ចាគម៉ាស៊ីន Microscope សម្រាប់វះកាត់នេះ កាលពីខែកុម្ភៈ ឆ្នាំ២០១៩មកនេះ។
លោកសាស្ដ្រាចារ្យ ងឺ ម៉េង បន្ដទៀតថា «ម៉ាស៊ីន Microscope នឹងជួយឲ្យក្រុមគ្រូពេទ្យ ដែលធ្វើវះកាត់កាន់តែមាន គុណភាព និងសុវត្ថិភាព ពិសេសជួយឲ្យអ្នកជំងឺ កាន់តែមានល្អប្រសើរឡើង។ ម៉ាស៊ីននេះ អាចតសសៃប្រសាទសរសៃឈាមតូចៗបាន សម្រាប់ពង្រីកសរសៃតូច រហូតដល់៤០ដង យើងអាចវះកាត់តសរសៃ តូចៗដែលដាច់ ឲ្យជាប់គ្នា យកឆ្អឹងជើង មកធ្វើឆ្អឹងថ្គាម ត្រូវការឆ្អឹង ត្រូវការសាច់ ផ្នែកណាមួយនៃខ្លួនយើង អាចកាត់យកមកតគ្នាបាន ហើយសម្ភារនេះ សម្រាប់អ្នកដាច់ដៃចូលម៉ាស៊ីនផ្សេងៗ យើងក៏អាចតវិញបានរហូតដល់៨០% ផងដែរ, ដូចនេះប្រជាពលរដ្ឋយើង ដែលមានបញ្ហាបាក់បែក កែលម្អ វះកាត់សរសៃឈាមតូច អាចអញ្ជើញមកទទួលសេវាព្យាបាល នៅពេទ្យយើងបាន» ។
ជាងនេះទៅទៀត លោកនាយកមន្ទីរពេទ្យរូបនេះ បញ្ជាក់បន្ថែមថា នេះជាលើកទីមួយហើយ ដែលដៃគូនេះបានបរិច្ចាគម៉ាស៊ីន ដែលតម្លៃថ្លៃ រហូតដល់ទៅជាង១៧ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យយើង ពិសេសបន្ដសហការជួយអង្គការស្នាមញញឹមកម្ពុជា ដើម្បីជួយដល់គ្រូពេទ្យ ឲ្យធ្វើការវះកាត់ ឲ្យកាន់តែមានប្រសិទ្ធិភាព សុក្រិត រហ័ស លំដាប់អន្ដរជាតិ។ លោកសង្ឃឹមថា ដៃគូសហការ នឹងបន្ដជួយបណ្ដុះបណ្ដាក្រុមគ្រូពេទ្យយើងបន្ថែមទៀត៕