(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីការចរចារវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា និងមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅប្រទេសវៀតណាមពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវទទួលបរាជ័យដោយពុំមានចេញកិច្ចព្រមព្រាងជាលាយល័ក្ខអក្សរដូចមតិជាតិនិងអន្ដរជាតិឃើញនេះ។ ពីព្រោះរបៀបនៃការចរចានេះ គឺភាគីអាមេរិក បានប្រកាន់យកគោលការណ៍ចរចា«អាត្មានិយម» ដោយគិតតែពីផលប្រយោ ជន៍ខ្លួនជាធំ គឺពុំគិតពីដៃគូរបស់ខ្លួន។
បានន័យថា ចំពោះរបៀបចរចា គឺឈរលើគោលការណ៍២ ជាអាទិ៍ទី១៖ គោលការណ៍ «អាត្មានិយម» ជារបៀបចរចាគិតតែពីប្រយោជន៍ខ្លួនឯងសំខាន់។ និងទី២៖ គោលការណ៍ «ឈ្នះ-ឈ្នះ» ជារបៀបចរចាគិតពីផលប្រយោជន៍ទៅវិញទៅមក។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះចំពោះគោលការណ៍ចរចាទំាងពីរនេះ បើនិយាយពីពួកស្បែកស ច្រើនប្រកាន់យកគោលការណ៍ «អាត្មានិយម» ដោយគិតតែពីប្រយោជន៍ខ្លួនឯង ជាសំខាន់តែប៉ុណ្ណោះ។ ចំណែកឯពួកអាស៊ី ច្រើនប្រកាន់យកគោលការណ៍ «ឈ្នះ-ឈ្នះ» ដោយគិតពីផលប្រយោជន៍ទំាងអស់គ្នា។ ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន ក្នុងការចរចាស្វែងរកសន្ដិភាព ដល់ប្រទេសកម្ពុជាយើងសព្វថ្ងៃនេះក៏ជារបៀបចរចា «ឈ្ន-ឈ្នះ» នេះដែរ។ ពីព្រោះគោលការណ៍ «ឈ្នះ-ឈ្នះ» ជារបៀបចរចាមានលក្ខណះទន់ភ្លន់ ដោយចាប់ផ្ដើមពីភាគីនីមួយៗត្រូវចេះស្ដាប់ សិក្សាអំពីសេចក្ដីត្រូវការរបស់ដៃគូខ្លួន។ ហើយត្រូវវិភាគនូវសេចក្ដីត្រូវការពិតប្រាកដរបស់ដៃខ្លួនដើម្បីឈានទៅរកជោគជ័យទំាងអស់គ្នា។
ចំពោះចំណុចសំខាន់របៀបគោលការណ៍ចរចា «ឈ្នះ-ឈ្នះ» បើទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយ គឺភាគីដៃគូចរចាត្រូវរក្សាសម្ព័ន្ធភាពល្អ ដើម្បីបន្ដធ្វើការជាមួយគ្នាបន្ដទៀតផងដែរ។ តើគោលការណ៍ចរចា«ឈ្នះ-ឈ្នះ» លើអ្វី? ចំពោះគុណតម្លៃគោលការណ៍ចរចា «ឈ្នះ-ឈ្នះ» គឺឈ្នះលើបញ្ហាទំាងអស់គ្នានេះឯង។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើហេតុនេះចំពោះអ្វីដែលនំាឲ្យការចរចាត្រូវទទួលបរាជ័យដូចយើងឃើញនេះ ពីព្រោះបណ្ដាលមកពីភាគីអាមេរិក បានប្រកាន់យកគោលការណ៍ចរចា «អាត្មានិយម» ពិសេសអាមេរិក ហាក់យកវេទិកានេះមកផ្ដោតតែលើបញ្ហាភូមិសាស្រ្ដនយោបាយជាចម្បងរបស់ខ្លួនទៅវិញ។ មានន័យថាចំពោះកិច្ចចរចានេះគឺអាមេរិក ហាក់ពុំបានគិតពីការចរចា ដើម្បីស្វែងរកដំណោះស្រាយ សន្ដិភាពឲ្យប្រទេសបងប្អូនកូរ៉េទំាងពីរនេះទេ។ ក្នុងនោះអាមេរិកបានលក់ប្រភេទយន្ដហោះ Boeing ១១០គ្រឿងដើម្បីឲ្យ វៀតណាមបានដឹកជញ្ជួនភ្ញៀវទេសចរណ៍ហោះចេញ-ចូលត្រង់ទៅអាមេរិក ក្រោមរូបភាពវៀតណាម ហាក់មានមុខមាត់ជាមួយអាមេរិក។
ប៉ុន្ដែបើពិនិត្យអំពីភូមិសាស្រ្ដនយោបាយវិញគឺវៀតណាម បានក្លាយជាកូនរដ្ឋរណបដ៏តូចមួយរបស់អាមេរិក ដើម្បីគ្រាន់តែទប់ឥទ្ធិពលចិន ក្នុងតំបន់តែប៉ុណ្ណោះ។ ពីព្រោះពីឆ្នាំ១៩៥៤-១៩៧៥ ប្រជាជនវៀតណាមបានបង្ហូរឈាម ប្រឆំាងនឹងពួកចក្រពត្ដិអាមេរិកយ៉ាងខ្លាចផ្សាបំផុត៕