(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជានៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ថ្ងៃទី៨ មីនា គឺជាទិវាដែលផ្តល់កិត្តិយសចំពោះស្នាដៃរបស់ស្ត្រី និង ជាថ្ងៃដែលយើងទាំងអស់គ្នា ជាពិសេសបុរសៗ ត្រូវតែបន្តជំរុញ និងលើកតម្កើងនូវតម្លៃ ឋានៈ តួនាទី និងសិទ្ធិរបស់ស្ត្រីកម្ពុជាឲ្យកាន់តែមានភាពប្រសើរ និងថ្លៃថ្លាថែមទៀត។
ការលើកឡើងរបស់សម្ដេចពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ដ្រី ក្នុងពិធីអបអរសាទរខួបទី១០៨ ទិវាអន្ដរជាតិនារី ៨ មីនា ១៩១១-២០១៩ ដែលរៀបចំធ្វើឡើង នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។
សម្ដេច ហេង សំរិន ក៏បានគាំទ្រ និងអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ក្រោមប្រធានបទ «លើកកម្ពស់ សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ដើម្បីជំរុញបន្ថែមទៀត ក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីកម្ពុជា ដែលជាម្តាយជាអ្នកដឹកនាំគ្រួសារ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គម ទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន ឲ្យប្រកបដោយ គុណសម្បត្តិដ៏ថ្លៃថ្លា និងទទួលបានជោគជ័យគ្រប់កិច្ចការ ក្នុងនាមជាពលរដ្ឋដ៏ល្អប្រសើរ នៃសង្គមជាតិ។
ទន្ទឹមនឹងនេះសម្ដេច ហេង សំរិន បានវាយតម្លៃខ្ពស់លើប្រធានបទដ៏សំខាន់នេះ ដែលបានលើកឡើងស្របតាមបរិការណ៍របស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល នៃកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញជា សកម្មភាពគន្លឹះ ក្នុងការអនុវត្តគោលនយោបាយជាតិ និងគាំពារសង្គម ក្នុងគោលដៅផ្តោតសំខាន់ ទៅលើការលើកកម្ពស់សីលធម៌ គុណធម៌ និងផ្តល់តម្លៃដល់ស្ត្រីកម្ពុជា នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។
សម្ដេច ហេង សំរិន បានកត់សម្គាល់ថា ប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» មានគោលបំណងបន្តអនុវត្តគោលនយោបាយ សមភាពយេនឌ័រ និងការគាំពារសង្គម ដែលជាចក្ខុវិស័យ សម្រាប់កសាងប្រទេស ត្រូវបានច្របាច់ បញ្ចូលជាអាទិភាពរួម ក្នុងការសម្រេចបានកិច្ចអភិវឌ្ឍន៍ធនធានមនុស្ស ហើយបាន បញ្ជាក់យ៉ាងច្បាស់ថា ការលើកកម្ពស់ សមភាពយេនឌ័រ ការពង្រឹងភាពអង់អាច របស់ស្ត្រី និងក្មេងស្រី និងការគាំពារសង្គម គឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ»។
ជាមួយគ្នានោះសម្ដេច ហេង សំរិន បានគូសបញ្ជាក់ផងដែរថា កម្ពុជាកំពុងអនុវត្តគោលនយោបាយគាំពារសង្គម ដែលបានចាប់ផ្តើមអនុវត្តមុនគេ ចំពោះស្រ្តីដែលជាកម្មការិនីមានផ្ទៃពោះ។ ជាពិសេសទៀតនោះ គឺក្នុងពេលសម្រាល កូនសាមីខ្លួន បានឈប់សម្រាក រយៈពេល៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយ។
បើតាមលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានឲ្យដឹងថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងស្ថាប័ន អង្គការដៃគូបាន ធ្វើការវិភាគស៊ីជម្រៅលើការសិក្សាស្រាវជ្រាវ អំពីអំពើហិង្សាលើស្តី្រពីដៃគូស្និទ្ធស្នាល ឆ្នាំ២០១៥ និង ការអង្កេតស្តីពីប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជា ឆ្នាំ២០០០ ២០០៥ និង២០១៤ ដែលលទ្ធផលបានបង្ហាញថា អំពើហិង្សាលើស្រ្ដី ពីដៃគូស្និទ្ធស្នាលមានការថយចុះ។
លោកស្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងទៀតថា ពេលថ្មីៗនេះ ភាពរីកចម្រើនលើការកាត់បន្ថយគម្លាតយេនឌ័ររបស់កម្ពុជា ត្រូវបានទទួលស្គាល់, ក្នុងរបាយការណ៍រយៈពេល៣ឆ្នាំចុងក្រោយ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ដោយក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានចំណាត់ថ្នាក់៩៣ បើប្រៀបធៀបកាលពីឆ្នាំ២០១៦ កម្ពុជាមានចំណាត់ថ្នាក់១១២ ក្នុងចំណោម១៤៤ប្រទេស។
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា លទ្ធផលវិជ្ជមាន ដែលទទួលបានចុងក្រោយនេះ អាស្រ័យដោយភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃកាលានុវត្តភាព និងការចូលរួមរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច និងការរីកចម្រើន ក្នុងវិស័យអប់រំ ជាពិសេសការអប់រំរបស់ស្ត្រី និងក្មេងស្រី៕