(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា Facebook របស់សម្តេច ពិតជាត្រូវបានចោរលួច (Hack) ទៅប្រើប្រាស់ប្រមាណ១ម៉ោង កាលពីសប្តាហ៍មុន ដើម្បីបង្ហោះរឿងមិនពិតថា សម្តេចចង់បិទ Facebook។ សម្តេចតេជោក៏បានបញ្ជាក់យ៉ាងច្បាស់ថា សម្តេចគឺជាអ្នកលេង Facebook ដ៏សកម្មម្នាក់ គ្មានរឿងអ្វីដែលត្រូវបិទ Facebook ទាល់តែសោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំជាអ្នកលេង Facebook ម្នាក់ រឿងអីដែលខ្ញុំទៅបិទ Facebook ហើយសុំបញ្ជាក់ឡើងវិញ អាមេចោរ ប៉ុន្តែពួកអានេះមិនឈឺទេ។ បើឯងមិនលួចរបស់អញទេ ឯងហ៊ានស្បថឱ្យងាប់ទេ? បបួលពួកអាមេចោរស្បថតែម្តង បើឯងមិនលួចរបស់អញទេ ឯងហ៊ានស្បថទេ? ស្បថឱ្យងាប់ទាំងកូន ទាំងចៅទាំងអស់ មានតែវិធីនេះ។ វាបែរជាមកដាក់កំហុសឯងថា Post ហើយរួចលុបចោលវិញ ហើយដាក់កំហុសឱ្យគេ»។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។
ដោយទំនងសម្តៅទៅកាន់ក្រុមប្រឆាំង សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា Facebook របស់សម្តេចត្រូវបានចោរលួចហើយ ហើយបង្ហោះសារព្រមានក្លែងក្លាយ។ មិនតែប៉ុណ្ណោះ សម្តេចបានថ្លែងថា ក្រុមនេះ បែរជាមកដាក់កំហុសសម្តេចវិញថា បង្ហោះហើយលុបចោលវិញនូវសារគំរាមនោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «នេះអាមេចោរ ធ្វើអ្វីមិនកើតដើរលួច Facebook គេ។ អ្នកឯងត្រូវយល់ថា នេះជាឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដែលប្រទេសនៅលើពិភពលោក កំពុងយកចិត្តទុកដាក់ ថ្កោលទោស ហើយចាត់ទុកជាឧក្រិដ្ឋកម្ម»។
Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា Hack និងគ្រប់គ្រងរយៈពេលប្រមាណ១ម៉ោង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបង្ហោះខ្លឹមសារមួយ បង្កឱ្យមានការភាន់ច្រលំដល់អ្នកប្រើប្រាស់ Facebook។
ក្រុម Hacker បានសរសេរនៅលើ Facebook សម្តេចតេជោ ហ៊ុន សែន ថា៖ «ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា "បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ»៕