(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងផ្តាំផ្ញើទៅកាន់មន្ត្រីទាំងអស់ឲ្យមានការប្រយ័ត្នប្រយ៉ែង ចំពោះការងាររបស់ខ្លួន ហើយថ្លែងទៀតថា សម្តេចគ្មានចាំបាច់សួរនាំ រដ្ឋមន្ត្រីអ្វីនោះទេ គឺសម្តេចត្រូវការពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ អាចត្រូវដកតំណែងបានហើយ។
សារផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មន្ត្រីគ្រប់រូបត្រូវអនុវត្តន៍ការងាររបស់ខ្លួន ដោយត្រូវយកបាវចនាចំនួន២ និងអភិក្រមទាំង៥ មកដាស់តឿនខ្លួនជានិច្ច។ សម្តេចបន្តថា ប្រសិនបើមានមន្ត្រីណាធ្វើខុស សម្តេចនឹងមិនសួរនាំរដ្ឋមន្ត្រីទៀតឡើយ ព្រោះត្រូវចំណាយពេលយូរ ហេតុនេះសម្តេចគ្រាន់តែបោះត្រា និងចុះហត្ថលេខា ត្រឹមតែ១៥នាទីប៉ុណ្ណោះ ដើម្បីដកមន្ត្រីរូបនោះចេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយហើយថា បាវចនា២ អភិក្រម៥។ បាវចនា២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ។ អភិក្រមទាំង៥ រួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ហើយអាទិត្យកន្លងទៅ ក៏មានការវះកាត់ដែរ»។
សម្តេចបន្តថា «(ខ្ញុំ) សុំផ្ញើសារឲ្យមន្ត្រីនានាប្រយ័ត្នប្រយ៉ែង ខ្ញុំគ្មានការចាំបាច់ ដើម្បីនិយាយជាមួយរដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីមហាផ្ទៃ ក្នុងការដកចៅហ្វាយស្រុក ដកចៅហ្វាយខេត្ត ដកមេទាហាន មេប៉ូលីស ក្នុងដែនសមត្ថកិច្ចខ្ញុំទេ ព្រោះសួរអស់លោក ៥ខែក្រោយមក មិនទាន់ឆ្លើយតប។ អញ្ចឹងទេ ខ្ញុំប្រើប្រាស់ត្រឹមតែ១៥នាទី គឺគ្រប់គ្រាន់ហើយ គ្រាន់តែវាយត្រានិងបោះត្រា ហើយស៉ីញ៉ែភ្លាម ហ្វេសប៊ុកខ្ញុំនៅក្នុងដៃបង្ហោះភ្លាម ហើយបញ្ជូនឲ្យ Fresh News លឿនជាងគេ បើឲ្យតាមទូរទស្សន៍ ទាល់តែចាំម៉ោងផ្សាយ»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានរំលឹកដែរថា កាលពីពេលថ្មីៗនេះ សម្តេចក៏បានដកតំណែងមន្ត្រីជាន់ខ្ពស់ ជាបណ្តើរៗហើយ ដោយសារតែមន្ត្រីទាំងនោះធ្វើខុស នឹងតួនាទីភារកិច្ចរបស់ខ្លួន។ ហេតុដូច្នេះសូមមន្ត្រីរាជការទាំងអស់ ត្រូវប្រយ័ត្នប្រយ៉ែងបន្តិច ក្នុងការបំពេញការងាររបស់ខ្លួន ចៀសវាងឲ្យបានពីការប្រើប្រាស់ អភិក្រមចុងក្រោយ គឺការវះកាត់ចេញ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន បានសម្រេចដកតំណែងអភិបាលរងខេត្តព្រះសីហនុ២រូប ដោយសម្ដេចដោយចាត់ទុកថា ការដកអភិបាលរងខេត្តព្រះសីហនុ ទាំង២រូបនេះ គឺជាការយកគ្រាប់គ្រូស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។ សម្តេចតេជោ ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីស៉ើបអង្កេតសិក្សា ក្នុងដកតំណែងមេបញ្ជាការយោធា ខេត្តព្រះសីហនុ នៅពេលខាងមុខនេះ ពាក់ព័ន្ធនឹងការអនុវត្តសាលដីកាតុលាការកំពូល កាលពីខែមករា កន្លងទៅ បើសិនជារកឃើញថា មានកំហុសមែននោះ។
គួរបញ្ជាក់ដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ឲ្យលុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ជាបន្ទាន់តែម្តង បន្ទាប់ពីធ្លាយវីដេអូមួយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់រូប ដោយម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ។
ហើយលោក ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឯនោះវិញ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៉ើបអង្កេតផងដែរ បន្ទាប់ពីត្រូវមហាជនតាមបណ្តាញសង្គម ចែកចាយបន្តគ្នាថា លោកបានអួតសម្ញែងខ្សែក្រវាត់ពេជ្រ ខុសឆ្គងទៅនឹងលក្ខន្តិកៈរបស់កងកម្លាំងនគរបាលជាតិ និងបានអួតសម្ញែងលុយមហាសាល ដែលបង្គាប់ជូនខាងស្រី ក្នុងពិធីភ្ជាប់ពាក្យចំនួន ១០ម៉ឺនដុល្លារអាមេរិក និងរថយន្តឡិចស៉ីស ៥៧០ ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកទៀតផង៕