(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសជាសាធារណៈថា ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីសំណាក់អតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមនោះអាចនឹងត្រូវបិទនៅមុន ឬនៅក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ទន្ទឹមនឹងការប្រកាសពីការបិទមិនឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្តាំទៅអ្នកជាប់បំរាមធ្វើសកម្មភាពនយោបាយថា ទ្វារបានបើកហើយ កុំទាមទារនេះទាមទារនោះច្រើនពេក ព្រោះទ្វារនេះអាចបិទទៅវិញ ដូច្នេះបើចង់មានឱកាសធ្វើនយោបាយឡើងវិញ ត្រូវដាក់ពាក្យសុំឲ្យបានលឿន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទ្វារបើកហើយអ្នកឯងមិនចូលជារឿងរបស់អ្នកឯង ហើយកុំរង់ចាំថា នឹងមានការសម្របសម្រួលខាងនយោបាយណាមួយ នេះមិនមែនជារឿងនយោបាយទេ តែគឺជារឿងផ្លូវច្បាប់ [...] ទ្វារអាចបិទនៅចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ទោះបីអ្នកដាក់លិខិតសុំក៏ខ្ញុំមិនអើពើ នេះខ្ញុំគ្រាន់តែបញ្ជាក់ឲ្យអ្នកឯងបានដឹង»។
សារដាស់តឿនរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញរួមជាមួយ លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ថា សម្រាប់បុគ្គលណាដែលចង់រង់ចាំនេះ រង់ចាំនោះក្រែងមានការសម្របសម្រួលណាមួយនោះ កុំសង្ឃឹមឲ្យសោះព្រោះគ្មានផ្លូវនោះទេ ពោលបើចង់រង់ចាំត្រូវរង់ចាំរហូតដល់អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដូច្នេះអ្នកទាំងនោះ គ្មានលទ្ធភាពដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នោះទេ។
សូមរំលឹកថា ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រម ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខា ដោយតំណាងរាស្រ្តចំនួន៨៧រូប ដែលត្រូវរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឲ្យយោបល់ឯកភាពទាំងស្រុងដោយ ព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
រហូតមកដល់ពេលនេះ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ មានចំនួន៣នាក់ហើយ ដែលបានដាក់ពាក្យសុំសិទ្ធិនយោបាយឡើងវិញ ក្នុងនោះរួមមាន លោក គង់ បូរ៉ា, លោក គង់ គាំ និងលោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី។
សូមបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ សរុបចំនួន១១៨នាក់ ត្រូវបានតុលាការកំពូលចេញសាលដីកាផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបិតផ្លូវតវ៉ា បន្ទាប់ពីតុលាការរកឃើញថា អតីតគណបក្សប្រឆាំងនេះ បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា៕