(ភ្នំពេញ)៖ ជំរឿនប្រជាពលរដ្ឋនៅកម្ពុជា បាននិងកំពុងដំណើរការនៅទូទាំងប្រទេស ដោយប្រើរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ សម្រាប់ការធ្វើជំរឿនក្នុងរយៈពេល ១៣ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជិត៩លានដុល្លារ។
អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះថា «សម្រាប់ការជំរឿនទូទៅប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ត្រូវចំណាយថវិកាជិត៩លានដុល្លារ ហើយក្រៅពីនោះ UNFPA ជួយជំនាញការ និងភាគីចិនជួយសម្ភារ ដូចជា ឡាន និងម៉ូតូ»។
លោកទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីផែនការ ធ្លាប់បានគូសបញ្ជាក់ថា ជំរឿននៅឆ្នាំ២០១៩នេះ ការចំណាយនេះមានចំនួនច្រើនជាងជំរឿននៅក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០៨ ដែលចំណាយត្រឹមតែជាង៦លានដុល្លារអាមេរិកប៉ុណ្ណោះ។
លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានបញ្ជាក់ថា ក្រុមមន្រ្តីជំរឿនមានប្រមាណ៥ម៉ឺននាក់ បាននិងកំពុងចាប់ផ្តើមចុះសម្ភាសមេគ្រួសារ ឥស្សរជន និងប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសជិត៣លានគ្រួសារ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្រង់ទិន្នន័យថ្មីនៅកម្ពុជា។
លោកស្រីបានបន្តទៀតថា ក្នុងរយៈពេល១១ថ្ងៃនេះ មន្រ្តីជំរឿនម្នាក់ៗនៅតាមមូលដ្ឋាននានា នឹងត្រូវសម្ភាសប្រជាពលរដ្ឋ ១២០ ទៅ១៥០គ្រួសារ ហើយលទ្ធផលបណ្តោះអាសន្ននៃជំរឿននេះ នឹងអាចបង្ហាញក្នុងអំឡុងពេល៣ខែ ក្រោយបញ្ចប់ជំរឿន តែអ្វីដែលជាលទ្ធផលផ្លូវការអាចធ្វើឡើងនៅចន្លោះ ៦-៩ខែក្រោយ។
សូមជម្រាបថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿននេះ វាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។ ដូច្នេះសូមអំពាវនាវចំពោះប្រជាពលរដ្ឋសូមមេត្តានៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ កុំចេញទៅណា ដើម្បីឱ្យមន្ត្រីជំនាញចុះទៅកត់ត្រា និងស្រង់សិ្ថតិឱ្យបានច្បាស់លាស់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មានអំពីប្រជាជន ក្នុងមូលដ្ឋានរហូតដល់មូលដ្ឋានថ្នាក់ទាបបំផុត ដែលជាតម្រូវការមិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។
ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។
ជាមួយគ្នានេះ និងបន្ថែមលើការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល, ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជាឆ្នាំ២០១៩ ក៏បានថ្លែងសារអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមជំរឿនឲ្យបានគ្រប់ៗគ្នា ព្រោះការធ្វើជំរឿនប្រជាជន ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាងនាមស្ថាប័នអនុវត្តន៍ផ្ទាល់ ការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ខ្ញុំសូមអំពាវនាវជូនដល់សម្តេច អ្នកឧកញ៉ា លោក លោកជំទាវ លោក លោកស្រី មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ វិស័យឯកជន ម្ចាស់ការស៉ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនក្នុងក្រុង ក្រុមហ៊ុនក្នុងព្រៃ និងម្ចាស់ទីកន្លែងដ៏ទៃទៀត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ការធ្វើជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុង ចាប់ផ្តើមពីថ្ងៃទី០៣ ខែមីនានេះ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩»។
«ខ្ញុំសូមអំពាវនាវការធ្វើជំរឿនប្រជាជន ជាការងារដ៏ធំរបស់ប្រទេសជាតិ មានសារៈសំខាន់ណាស់ ហើយជាការងារស្ថិតិពិតប្រាកដ។ ការធ្វើជំរឿនប្រជាជន ជាការងារដែល ប្រទេសទាំងអស់នៅលើពិភពលោក គេធ្វើគ្រប់ៗគ្នា»។ នេះបើតាមទេសរដ្ឋមន្ត្រី ឆាយ ថន បានបញ្ជាក់បន្ថែម។
បើតាមទេសរដ្ឋមន្ត្រី ឆាយ ថន ការកាត់បន្ថយភាពក្រីក្រ ការគិតគូរកំណើនសេដ្ឋកិច្ច ត្រូវមានទិន្នន័យជំរឿន។ ការទទួលបានការអភិវឌ្ឍន៍ទាំងអស់គ្នា នៅឆ្នាំ២០៣០ ដោយមិនទុកអ្នកណាម្នាក់ ចោលនោះ ត្រូវចាប់ផ្តើម គិតគូររាប់បញ្ចូលប្រជាពលរដ្ឋទាំងអស់នៅ ក្នុងជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ទាំងក្មេង ចាស់ ប្រុស ស្រី មន្រ្តីរាជការ សម្តេច អ្នកឧកញ៉ា មន្រ្តីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ជនជាតិដើមភាគតិច ជនជាតិបរទេស ជនពិការ ជនអត់ផ្ទះសំបែង ជនអាណាថា ត្រូវរាប់សម្ភាសជំរឿន ឲ្យអស់ដើម្បីពួកគាត់ ទទួលបានការអភិវឌ្ឍ ប្រកបដោយសមធម៌ និងដែលនាំឲ្យប្រទេសជាតិ សម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនាំទៅឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍៕