(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់សហរដ្ឋអាមេរិក ដែលបានខឹងសម្បារនឹង ប្រទេសរុស្ស៉ី ដែលលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែប្រទេសនេះបានជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយទៅវិញ ដោយកម្ពុជាគ្រាន់តែអនុវត្តច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូម្បីសហរដ្ឋអាមេរិកខ្លួនឯង បានរិះគន់ថា រុស្ស៉ី បានជ្រៀតជ្រែងលើកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ចុះម្តេចរឿងអ្វីបានជាកម្ពុជា គ្រាន់តែសន្សំតែសុខឱ្យធ្វើការគោរពគ្នាទៅវិញទៅមក ក៏យើងមិនអាចធ្វើបាន។ ខ្ញុំសុំតែ១សុខប៉ុណ្ណោះ ពលរដ្ឋរបស់ខ្ញុំវេទនាច្រើនពេកហើយ ខ្ញុំមិនចង់ឱ្យពលរដ្ឋរបស់ខ្ញុំណាមួយគ្រោះថ្នាក់ទេ ខ្ញុំមិនចង់ឱ្យពលរដ្ឋរបស់ខ្ញុំរងគ្រោះ សូម្បីតែជាប់ពន្ធនាគារក៏មិនដែរ»។
សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា មាននិន្នាការគាំទ្រដល់អតីតគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា។ ប្រទេសនេះ បានចេញសេចក្តីថ្លែងការណ៍ រិះគន់កម្ពុជាជាបន្តបន្ទាប់ ក្រោយពេលតុលាការរំលាយគណបក្សសង្រ្គោះជាតិ និងចាប់ខ្លួន លោក កឹម សុខា បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងនេះបានសារភាពថា ខ្លួនអនុវត្តតាមបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។
សម្តេចតេជោ ហ៊ុន សែន ហាក់បង្ហាញសាធារណជនអំពីភាពលំអៀងរបស់សហរដ្ឋអាមេរិក មកលើប្រទេសកម្ពុជា បើប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត ដូចជាថៃ និងមីយ៉ាន់ម៉ាជាដើម។
សម្តេចបានពន្យល់ថា ប្រទេសថៃថ្មី បានតម្រូវឱ្យសមាជិកសភា ដែលតែងតាំងដោយយោធា មានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី ដូច្នេះបើទោះបីជាចាញ់ឆ្នោត ក៏អាចធ្វើជានាយករដ្ឋមន្រ្តីបានដែរ ប៉ុន្តែសហរដ្ឋអាមេរិក និងប្រទេសមួយចំនួន មិនលើករឿងនេះជាមួយនឹងថៃ។ ចំណែកឯ នៅប្រទេសមីយ៉ាន់ម៉ា រដ្ឋធម្មនុញ្ញរបស់គេ បញ្ជាក់ប្រាប់ថា ២៥ភាគរយនៃសភា មិនចាំបាច់មានការបោះឆ្នោតទេ ទុកឱ្យពួកយោធាតែងតាំងតែម្តង
សម្តេចបញ្ជាក់ថា «តើវាយ៉ាងម៉េចអាហ្នឹង? ឯកម្ពុជាគ្រាន់តែធ្វើត្រឹមកម្រិត នៃដំណើរការផ្លូវច្បាប់ប្រឆាំងនឹងគណបក្សមួយ ដែលរំលោភបំពានជាមួយនឹងច្បាប់របស់ប្រទេស ហេតុអ្វីក៏យើងគ្មានសិទ្ធិអនុវត្ត តើយើងជារដ្ឋមួយទេ? ហើយយើងមានបក្សនយោបាយ លំហរនៅកម្ពុជាធំណាស់ គ្រាន់តែត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ»។
ទន្ទឹមនឹងការនិយាយអំពីភាពលម្អៀងរបស់សហរដ្ឋអាមេរិក សម្តេចក៏បានរិះគន់ដល់ភាពលម្អៀងរបស់អ្នកវិភាគមួយចំនួន ដែលមាននិន្នាការនយោបាយ។ សម្តេចបានថ្លែងថា ក្នុងចំណោមអ្នកវិភាគ៣រូប ក្នុងនោះមាន លោក ឡៅ ម៉ុងហៃ លោក មាស នី និង លោក ជេម សុខ គឺលោកជេម សុខ វិភាគបានត្រូវច្រើនជាងគេ គឺខុស៧ ត្រូវ៣ ចំណែក លោក មាស នី វិភាគអាក្រក់ទាំងអស់តែម្តង។ យ៉ាងណាក៏ដោយ សម្តេចថ្លែងថា សម្តេចនឹងទទួលយកនូវចំណុចដែលល្អ កើតចេញពីការវិភាគនោះ។
សម្តេចបានថ្លែងថា៖ «វិភាគទៀតទៅ កន្លែងខ្លះខ្ញុំយកបាន ខ្ញុំឃើញលោក ជេម សុខ នៅអាមេរិកនោះ ឃ្លីបរបស់គាត់កាលពីមុន យកមកមើលឡើងវិញ ជួនកាលគាត់ហៅខ្ញុំ "អា" ប៉ុន្តែខ្ញុំមិនខឹងទេ ព្រោះគាត់គ្មានចរិត(នយោបាយ) មនុស្សកាលណាតែគ្មាននយោបាយចូលខ្លួនហើយ គឺវិភាគសត្យានុម័តជាង។ ប៉ុន្តែក្រុមវិភាគមួយចំនួន នយោបាយពេញខ្លួន»។
សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់អ្នកវិភាគ១រូប ដែលបែកបាក់ជាមួយភរិយា អំពីការនិយាយវាយប្រហារតាមចិត្ត។ សម្តេចថ្លែងថា «សូមផ្តាំ អ្នកវិភាគខ្លះវាតាំងខ្លួនជាអ្នករួបរួម តែសូម្បីប្រពន្ធវាមួយ វារួមមិនកើតផង។...សូម្បីតែប្រពន្ធហ្អែង ហ្អែងមិនត្រូវផង រឿងអីហ្អែងមកត្រូវជាមួយអញ អញ្ចឹងអញយល់។...វិទ្យុខ្លះ ចេះតែយកមនុស្សធុនហ្នឹង ទៅវិភាគរួច»។
សម្តេចបានថ្លែងថា ដោយសារតែវិភាគខុសនេះហើយ ទើបធ្វើឱ្យក្រុមអ្នកប្រឆាំង មិនដែលបានឈ្នះសម្តេចម្តងណាទេ៕