(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលមានលំនៅដ្ឋានក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានថ្លែងអះអាងថា ម្តាយបង្កើតរបស់ទណ្ឌិត សម រង្ស៉ី គឺលោកស្រី អ៉ិន អេម ជាជនជាតិវៀតណាម។
ស្ត្រីវ័យជាង ៦០ឆ្នាំរូបនេះ បានអះអាងបែបនេះក្នុងបទសម្ភាសន៍មួយជាមួយ Fresh News ក្នុងពេលអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់ការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ។
ឆ្លើយទៅនឹងសំណួររបស់អ្នកព័ត៌មាន Fresh News មានហេតុផលអ្វីទើបអ្នកស្រីហ៊ានអះអាងថា ម្តាយរបស់ទណ្ឌិត សម រង្ស៉ី ជាជនជាតិវៀតណាម? ស្រ្តីរូបនេះអះអាងថា ឪពុករបស់អ្នកស្រី គឺជាអ្នកបម្រើការងាររាជការក្នុងសម័យសង្គមរាស្ត្រនិយមជាមួយលោក សម សារី ឪពុករបស់លោក សម រង្ស៉ី។
អ្នកស្រីថែមទាំងអះអាងថា ឪពុករបស់អ្នកស្រី គឺជាអ្នកជួយរៀបចំបញ្ជូនលោកស្រី អ៉ិន អេម និងកូនៗទៅកាន់ប្រទេសអង់គ្លេស ពេលលោក សម សារី ចេញទៅបំពេញការងារទូត នៅក្នុងប្រទេសអង់គ្លេសនាឆ្នាំ១៩៥៨។
បើទោះបីជាយ៉ាងណាស្ត្រីរូបនេះ បានបដិសេធមិនបរិយាច្រើននោះឡើយ ពាក់ព័ន្ធនឹងប្រវត្តិពីអតីតកាលក្រុមគ្រួសាររបស់លោក សម រង្ស៉ី។ ទន្ទឹមនឹងការបញ្ជាក់ថា ម្តាយរបស់លោក សម រង្ស៉ី ជាជនជាតិវៀតណាមហើយនោះ ស្ត្រីរូបនេះក៏បានអំពាវនាវដោយទទូចទៅទណ្ឌិត សម រង្ស៉ី ឲ្យបញ្ឈប់ធ្វើសកម្មភាពទាំងឡាយដែលបំផ្លាញនូវក្តីសុខរបស់កម្ពុជា។
ទោះជាយ៉ាងណាលោក សម រង្ស៉ី ធ្លាប់បានអះអាងថា ម្តាយរបស់លោកគឺជាស្ត្រីខ្មែរមិនមែនជាជនជាតិវៀតណាមនោះឡើយ ហើយជាស្ត្រីទទួលបានការរៀនសូត្រជ្រៅជ្រះមួយរូបថែមទៀតផង៕