(ភ្នំពេញ)៖ បើតាមការសិក្សារបស់អង្កការជប៉ុន JICA ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះ ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន។
នេះជាការលើកឡើងរបស់លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងឱកាសបិទសិក្ខាសាលាស្តីពី ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ ទីស្ដីការក្រសួងការងារ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
លោកបានថ្លែងថា អគ្គលេខាធិការដ្ឋានគណៈវិស្វកកម្មកម្ពុជា បានបណ្ដុះបណ្ដាលវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម និងបានចុះបញ្ជីវិស្វករ ៣,១៥៩នាក់ គិតត្រឹមឆ្នាំ២០១៨។
លោកថ្លែងយ៉ាងដូច្នេះថា «យោងតាមការសិក្សារបស់អង្គការ JICA កាលពីពេលថ្មីៗនេះ ចំនួនខាងលើនេះនៅមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅឡើយទេ ពីព្រោះចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យ»។
អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជារូបនេះ បានអំពាវនាវឱ្យវិស្វករ ដែលកំពុងបម្រើការងារនៅតាមស្ថាប័នរបស់រដ្ឋ ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានជាវិស្វករចុះបញ្ជីដំបូង វិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ឱ្យមានលក្ខណៈស្មើមុខស្មើមាត់ជាមួយវិស្វករទាំងក្នុងជាតិ ក្នុងតំបន់ និងពិភពលោក។ វិស្វករជាតិនៅតាមវិស័យឯកជន ក៏ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីបំពេញភាពស្របច្បាប់ក្នុងការប្រកបមុខរបររបស់ខ្លួនដែរ។
មួយវិញទៀត គណៈវិស្វករកម្ពុជាមានទំនាក់ទំនងជាចាំបាច់ ជាមួយបណ្តាប្រទេសអាស៊ានក្នុងការបញ្ជូនបេក្ខភាពវិស្វករជាតិ ក្រោយពីគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ពិនិត្យ និងសម្រេចរួច ដើម្បីសុំធ្វើការវាយតម្លៃទទួលស្គាល់គោរមងារជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ទើបអាចចូលទៅប្រកួតប្រជែងការងារពលកម្មវិស្វកម្មនៅក្នុងប្រទេសទាំង១០ ក្នុងតំបន់អាស៊ានបាន។
លោក ពេជ សោភ័ន បានពន្យល់ថា គណៈវិស្វករកម្ពុជាធ្វើនេះ គឺធ្វើតាមនិន្នាការ នយោបាយអាស៊ាន ស្របទៅតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក ដែលយើងបានចុះហត្ថលេខារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលអាស៊ានរួចហើយ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០០៥៕