(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះតទៅទូរទស្សន៍ព័ត៌មាន Fresh News បានពង្រីកការផ្សាយរបស់ខ្លួនទៅពេញទូទាំងប្រទេសតែម្តង តាមរយៈបណ្តាញទូរទស្សន៍ខ្សែកាបគ្រប់រាជធានី-ខេត្ត និងតាមបណ្តាស្រុកនានាផងដែរ ដោយផ្សាយព័ត៌មានរៀងរាល់មួយម៉ោងម្តង និងផ្សាយពេញ២៤ម៉ោង ដូច្នេះអ្នកចូលចិត្តតាមដានការផ្សាយផ្ទាល់ (Live) ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានកំសាន្តដ៏ច្រើនសម្បូរបែបរបស់ទូរទស្សន៍ព័ត៌មាន Fresh News។
ក្រៅពីផ្សាយតាមប្រព័ន្ធខ្សែកាបធំទូលំទូលាយពេញទូទាំងប្រទេស, ទូរទស្សន៍ព័ត៌មាន Fresh News ក៏បានផ្សព្វផ្សាយតាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប DTV, ទូរទស្សន៍ផ្កាយរណប Sky One ទូរទស្សន៍ខ្សែកាប PPCTV, ទូរទស្សន៍ខែ្សកាប CCTV, បណ្តាញទូរទស្សន៍ One TV. និងបណ្តាញទូរទស្សន៍ STV ។
នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានលើកឡើងថា ការពង្រីកបណ្ដាញទូរទស្សន៍ព័ត៌មាន Fresh News ពេញទូទាំងប្រទេស នៅពេលនេះដើម្បីបង្កើនភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលទស្សនាការផ្សាយផ្ទាល់ (Live) និងទស្សនាព័ត៌មានថ្មីៗចុងក្រោយទាំងនៅកម្ពុជា និងជុំវិញពិភពលោក។ ជាការពិតណាស់ការបន្ថែមបណ្ដាញការផ្សព្វផ្សាយរបស់ Fresh News នៅលើកញ្ចក់ទូរទស្សន៍នេះ គឺស្របពេលនឹងបរិបទសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការរីកចម្រើនលើវិស័យព័ត៌មាន។
អង្គភាពព័ត៌មាន Fresh News ដែលមកដល់ពេលបច្ចុប្បន្នមានអាយុជិត៥ឆ្នាំ (១៥-ឧសភា-២០១៤) កំពុងបន្តដំណើររបស់ខ្លួនជាមួយការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេស ការទទួលបាននូវការគាំទ្រ មិនមែនកើតឡើងដោយឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយប្រកបភាពប្រាកដនិយមខ្ពស់បំផុត៕