(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ស្នើឱ្យគ្រប់ក្រសួងបង្កើនអត្រាតែងតាំងនារី នៅក្នុងមុខតំណែងផ្សេងៗ តែបើតែងតាំងស្ត្រីនៅក្នុងតំណែងហើយ ត្រូវផ្តល់តួនាទីជូនពួកគាត់ធ្វើផងដែរ ដើម្បីពួកគាត់បានចូលរួមសម្រេចចិត្តលើការងារផ្សេងៗ នៅក្នុងអង្គភាព និងស្ថាប័នដែលពួកគាត់កំពុងធ្វើការងារក្នុងវិស័យនោះផងដែរ។
ការមានប្រសាសន៍លើកឡើងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួងទាំងអស់រៀបចំឱ្យមាន ខ្ញុំគាំទ្រឱ្យមានសម្រាប់មុខតំណែងនៅតាមស្ថាប័នថ្នាក់ក្រោម ខ្ញុំបានធ្វើរួចមកហើយ សម្រាប់តាមស្ថាប័ន ថ្នាក់ជាតិ ដែលមានកម្រិតដូចជាថ្នាក់ពង្រីកចំនួនស្ត្រីជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការ ក៏ប៉ុន្តែខ្ញុំចង់ឱ្យក្រៅពីនោះ យើងបានរៀបចំឱ្យមាន នៅក្នុងក្របខ័ណ្ឌគណៈអភិបាលខេត្ត គណៈអភិបាលស្រុក គឺមានស្ត្រីរួចមកហើយ»។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីដែលនាំសេរីភាពគ្រប់បែបយ៉ាងបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជា មិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របបប្រល័យពូជសាសន៍ (ប៉ុលពត) អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះ បានមានប្រសាសន៍បន្តថា នៅសម្រាប់បច្ចុប្បន្ននេះ សម្តេចមិនទាន់ច្បាស់ទេថា តើអីឡូវនៅតាមបណ្តាលអគ្គនាយកដ្ឋាន នៅតាមនាយកដ្ឋាន តើមានស្ត្រីក្នុងមុខតំណែងជាអគ្គនាយក ជាពិសេសគឺអគ្គនាយករង តើមានគ្រប់គ្រាន់ហើយ ឬនៅបើមិនទាន់មានទេសុំស្នើឱ្យគ្រប់ក្រសួងស្ថាប័ន គម្បីពិនិត្យទទួលយកស្ត្រី ឱ្យមានគ្រប់នៅក្នុងរចនាសម្ព័ន្ធ នៃកិច្ចការរបស់យើង។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានបន្ថែមយ៉ាងដូច្នេះ៖ «ខ្ញុំយល់ថា បច្ចុប្បន្នស្ត្រីរបស់យើងបានកសាងសមត្ថភាពគ្រាន់បើហើយ ដូច្នេះការចាត់បញ្ចូលឱ្យគាត់ទទួលបន្ទុកជាប្រធាន បើបានគាត់ធ្វើជាអគ្គនាយកតែម្តងវាជាការល្អ ក៏ប៉ុន្តែបុរសក៏ត្រូវការកាន់កាប់នៅកន្លែងនោះដែរ [...] ប៉ុន្តែកន្លែងដែលជាអគ្គនាយករងហើយ ហោចណាស់ដាក់ថាចំនួន៤នាក់ ឬ៥នាក់ គម្បីមានស្ត្រីម្នាក់ ឬ២នាក់នៅក្នុងនោះដែរ»។
ទន្ទឹមនឹងនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ចំណែកស្ត្រីវិញ នៅក្នុងថ្នាក់នាយកដ្ឋានប្រសិនបើគាត់មិនាបានធ្វើជា ប្រធាននាយករដ្ឋាទេ ក៏គម្បីមានអនុប្រធាននាយកដ្ឋានម្នាក់ផងដែរ។ បើរៀបចំបែបនេះជាការល្អ ក៏ប៉ុន្តែប្រសិនបើតែងតាំងហើយ ត្រូវផ្តល់ការងារឱ្យពួកគាត់ផង មិនមែនគ្រាន់តែជាការតែងតាំង ដើម្បីបង្គ្រប់កិច្ច ហើយនិយាយថាអង្គភាពរបស់ខ្លួនមានការតែងតាំងចំនួនស្ត្រីច្រើន និងគោរយេនឌ័រល្អ ដោយសារតែមានចំនួនស្ត្រីច្រើននោះទេ ប៉ុន្តែចុងបញ្ចប់ស្ត្រីមិនបានចូលរួមធ្វើការងារនៅក្នុងអង្គភាព ឬការសម្រេចចិត្តបំពេញមុខងារនៅក្នុងឋានៈទទួលខុសត្រូវរបស់ស្ថាប័នជំនាញនោះទេ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តជំរុញឱ្យរដ្ឋមន្ត្រីនៅតាមក្រសួងនានា គួរគប្បីជួបស្ត្រីឱ្យបាន២-៣ដងក្នុងមួយឆ្នាំ ដើម្បីបានស្តាប់នូវការលើកឡើង នូវមតិយោបល់នានារបស់ស្ត្រី។ បើនៅតាមក្រសួង និងស្ថាប័ននានា ធ្វើសកម្មភាពបានច្រើននោះ បញ្ហារបស់ស្ត្រីនឹងត្រូវបានដោះស្រាយ ហើយធ្វើឱ្យការលើកកម្ពស់សិទ្ធិរបស់ស្ត្រីនឹងកាន់តែប្រសើរ៕