(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើការលើកលែងទោស ធ្វើយ៉ាងណាសម្រួលដល់ស្រ្តីមួយចំនួន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិភាក្សាជាមួយគ្នាដើម្បីពិនិត្យមើល អ្នកដែលជាប់ទោសជាស្រ្តី នរណាខ្លះដែលត្រូវទទួលការលើកលែងទោស នេះគឺជាគោលដៅទី១ ឯគោលដៅទី២ គឺសម្រាប់ស្រ្តីដែលជាពិរុទ្ធជន មិនទាន់ទទួលបានការកាត់ទោសដោយសារតេខ្វះមេធាវី ដូច្នេះយើងត្រូវតែជំរុញប្រើប្រាស់ឱ្យអស់សក្តានុពល»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «មុខសញ្ញា គឺទណ្ឌិតជាស្រ្តី ដែលគប្បីសម្រាលទោស ឬលើកលែងទោស ដោយមិនចាំបាច់រង់ចាំដល់ពេលបុណ្យទានទេ»។
បើតាម លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា តួលេខចុងក្រោយ គិតត្រឹមខែមករា ឆ្នាំ២០១៩ កម្ពុជាមានអ្នកជាប់ឃុំឃាំងជាស្រ្តីប្រមាណ ២៦៤៨នាក់ ក្នុងនោះពន្ធនាគារនៅរាជធានីភ្នំពេញ មានចំនួនច្រើនជាងគេ គឺមណ្ឌលអប់រំកែប្រែ ម២ ចំនួន១០៩៤នាក់ និងពន្ធនាគារ PJ មានចំនួន៣៥នាក់។
កូនក្មេងនៅជាមួយម្តាយក្នុងពន្ធនាគារមានចំនួន១៦១នាក់ ក្នុងនោះ កុមារី៦៧នាក់ បច្ចុប្បន្ននេះ មានស្រ្តីមានគភ៌ចំនួន៧នាក់។ ភាគច្រើននៃស្រ្តីដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារនេះ គឺពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ក្រៅពីលើកឡើងឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យមើលករណីនេះ សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ជួយការពារក្តីឱ្យស្រ្តីនៅក្នុងពន្ធនាគារ ដែលមិនទាន់ត្រូវបានតុលាការកាត់ទោសផងដែរ។
សម្តេចបានថ្លែងថា៖ «ឥឡូវតួអង្គថ្មីបានបំពេញបន្ថែម នោះគឺមេធាវីរបស់ខ្ញុំតែម្តង ដែលត្រូវទៅជួយការពារក្តីឱ្យស្រ្តីក្រីក្រ ហើយសំណុំរឿងផ្សេងទៀត ក៏យើងត្រូវតែទទួល»។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ៣ដងក្នុង១ឆ្នាំៗ ដែលរួមមានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យពិសាខបូជា និងបុណ្យចូលឆ្នាំដើម។ ទោះជាយ៉ាងណា ពន្ធនាគារកម្ពុជាពេលនេះ កំពុងតែប្រឈមនឹងការតឹងណែនចង្អៀត ដោយសារតែមានអ្នកទោសកើនឡើងកាន់តែច្រើន៕